(ពោធិ៍សាត់)៖ ដោយមើលឃើញពីភាពចាំបាច់ និងកង្វះខាតទឹកស្អាតប្រើប្រាស់ លោកស្រី ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បានចាត់ឲ្យក្រុមការងារធ្វើអណ្តូងថែមជូនចំនួន៥បន្ថែម ទៅដល់ប្រជាពលរដ្ឋរស់នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អណ្តូងថ្មីចំនួន៥នេះ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានលោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ។

លោកស្រីប្រធានមូលនិធិបានឲ្យដឹងថា អណ្តូងទាំង៥នេះ ជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែលត្រូវជាឪពុកម្តាយបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកមានសទ្ធាជ្រះថ្លា កាលពេលលោកទាំងពីរនៅមានជីវិត គឺលោកចូលចិត្តធ្វើបុណ្យដាក់ទានទៅដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ពិសេសគឺការផ្តល់អណ្តូងទឹកស្អាតនេះឯង។ ដូច្នេះមុនពេលដែលលោកចែកឋានទៅ បានផ្តាំផ្ញើកូនចៅឲ្យធ្វើជូនប្រជាពលរដ្ឋណា ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅទូទាំងប្រទេស។

ប្រជាពលរដ្ឋដែលធ្លាប់តែ អាស្រ័យជាមួយនឹងទឹកត្រពាំង បឹងបួរ នៅតំបន់នេះបានឱ្យដឹងថា កន្លងមកពួកគាត់ មានការលំបាកខ្លាំងណាស់ពីបញ្ហាទឹក សំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ដោយមានពេលខ្លះត្រូវបង្ខំចិត្ត ផឹកទឹកដែលមិនមានអនាម័យ ទឹកដែលហូរច្រោះពីការបាញ់ថ្នាំរបស់កសិករ ហូរចូលទៅក្នុងដងអូរ រឺបឹង ដែលតែងតែធ្វើឲ្យសុខភាពរបស់ពួកគាត់មិនសូវល្អ។ តែនៅពេលនេះពួកគាត់បានសំដែង នូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះមានអណ្តូទឹកស្អាតប្រើប្រាស់នៅជិតផ្ទះ។

លោកស្រីប្រធានមូលនិធិបានផ្តាំផ្ញើ ទៅដល់ប្រជាពរដ្ឋដែលអាស្រ័យផលនៃទឹកអណ្តូងទាំងនេះ សូមជួយថែរក្សាអណ្តូងទាំងនេះឲ្យបានល្អ និងសូមឲ្យបងប្អូនពិសារទឹកត្រូវដាំឲ្យបានឆ្អិនល្អ អ្វីដែលពិសេសនោះ គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះជម្ងឺកូវីដ-១៩ ដែលកំពុងតែមានការរាតត្បាតពាសពេញពិភពលោក ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានល្អ លាងដៃជាមួយសាប៊ូ អោយបានញឹកញ៉ាប់ តាមការណែនាំក្រសួងសុខាភិបាល។

សូមជម្រាបផងដែរថា នៅក្នុងឱកាសនោះ លោកស្រីបានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មកពិនិត្យពិគ្រោះជម្ងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕