(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីដំណើរការ នៃលទ្ធផលការអនុវត្តនីតិវិធីផ្ទៃក្នុង ក៏ដូចជាអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គម ដែលប្រជាពលរដ្ឋកម្ពុជា អាចនឹងទទួលបានតាមរយៈការធ្វើសេរីភាវូបនីយកម្មទំនិញ និងសេវាក្នុងទិសដៅជំរុញការវិនិយោគ ក្នុងប្រទេសឲ្យកាន់តែមានវឌ្ឍនភាព។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងពាណិជ្ជកម្មផងដែរ៕