(កំពង់ស្ពឺ)៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានក្រើនរំលឹកដល់មន្ត្រីនៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

ពិធីដាក់ឱ្យដំណើរការងារអគារមន្ទីរពាណិជ្ជកម្មក្នុងខេត្តកំពង់ស្ពឺ ត្រូវបនាធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ និងមានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង និងមន្ទីរពាណិជ្ជកម្មជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងបានថ្លែងអំណរគុណ លោក យឹម សុខុម និងលោក វ៉ី សំណាង និងមន្ត្រីក្នុងខេត្ត ដែលបានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក រហូតបានសម្រេចនូវលទ្ធផលនានាជាទីគាប់ប្រសើរ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកឡើងពីសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាន និងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗសម្រាប់វិស័យពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមជូនគ្រប់វិស័យ ដោយប្រឹងប្រែងចរចាយ៉ាងសកម្មទាំង ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈកម្មវិធីអនុគ្រោះពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូ ក៏ដូចជាសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសមួយចំនួនទៀត មានដូចជាសហភាពអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។

ក្រៅពីការអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មហើយនោះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺផងដែរ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានណែនាំ និងស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ ក៏បានស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យចៀសវាងដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោករដ្ឋមន្ត្រី ក៏បានស្នើគ្រប់ស្ថាប័នទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីការការពារជំងឺនេះដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះជាលើកទី២ទៀត៕