(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានទទួលជួបលោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រតិភូដើម្បីពិភាក្សាការងារស្ដីពី ការត្រៀមរៀបចំវេទិកាពិភាក្សាលើកកម្ពស់ សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» នៅខេត្តស្វាយរៀង នាពេលខាងមុខ។

ជំនួបពិភាក្សានេះក៏មានការចូលរួមពីក្រុមការងារមកពីនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា អភិបាលរងខេត្ត អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ស្រុកទាំង៨ ក្នុងខេត្ត។

ក្នុងឱកាសនោះ លោកស្រី ចម និម្មល បានថ្លែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានទទួលជួបគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ និងបានជម្រាបជូនថា ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមើលឃើញពីការអភិវឌ្ឍន៍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចជ្រើសរើសខេត្តស្វាយរៀង គឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ ក្នុងការរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម»

វេទិកានេះគ្រោងនឹងរៀបចំនៅសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណង រួមមាន៖

១៖ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗពាក់ព័ន្ធទៅលើឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន និងម្ចាស់អាជីវកម្ម

២៖ បំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើតអាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់

៣៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ជាមួយនេះ លោកស្រីបានស្នើការសហការគាំទ្រពីលោកអភិបាលខេត្ត ដើម្បីរៀបចំវេទិកានេះឲ្យទទួលបានជោគជ័យ។

លោកអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសខេត្តស្វាយរៀង ជាខេត្តទី១ សម្រាប់ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានចាត់តាំងក្រុមការងារដឹកនាំដោយប្រធាននាយកដ្ឋាន មកជួបពិភាក្សាជាមួយរដ្ឋបាលខេត្តនាពេលនេះ។

ក្នុងនាមអាជ្ញាធរខេត្ត លោកសូមគាំទ្រ និងសហការសម្របសម្រួលជានិច្ច ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានជោគជ័យ ស្របតាមគោលបំណងដែលបានគ្រោងទុក ហើយលោកអភិបាលខេត្ត ប្រគល់កិច្ចការនេះជូនលោកអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងបី ដើម្បីសហការ សម្របសម្រួល និងពិភាក្សាការងារលម្អិតជាមួយក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសលើការងារជ្រើសរើសកសិករគំរូ និងសមាសភាពដែលត្រូវចូលរួម៕