(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីប្រើអំពើហិង្សា ដោយយកឈើជ្រុងវៃទៅមិត្តភ័ក្រ ដែលកំពុងផឹកស៊ីជាមួយគ្នា បណ្តាលឲ្យស្លាប់ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទី ត្រង់ចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សោម ចិន្តា ហៅសួង ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ចំណែកជនសង្ស័យឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិព្រៃគូ ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សមត្ថកិច្ចបន្តថា មុនកើតហេតុ ជនសង្ស័យនឹងជនរងគ្រោះ រួមជាមួយបក្ខពួកសរុប៤នាក់ បានផឹកស៊ីជាមួយគ្នា ហើយពេលផឹកស្រវឹង ស្រាប់តែជនសង្ស័យ និងជនរងគ្រោះ បានទាស់សំដីគ្នាខ្លាំង ក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យបានស្ទុះទៅរើសដំបងឈើជ្រុងទំហំប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រ នៅក្បែរកន្លែងផឹកស៊ី វ៉ៃទៅលើក្បាលជនរងគ្រោះ និងមុខបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ បានឃើញហេតុការណ៍នោះ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ រួចសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ហើយហៅ រថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅក្លីនិចសួគ៌ា ផ្លូវ២១៧ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ក្លីនិចសួគ៌ា គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ច ក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពេទ្យតុលាការ ឲ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ ក្រោយពីពិនិត្យសាកសព និងកន្លែងកើតហេតុរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការវ៉ៃក្បាលធ្ងន់ធ្ងរ។

ឈ្មោះ សោម លក្ខិណា ហៅ ភ័ក្ត្រាណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ (សព) បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឲ្យសមត្ថកិច្ចចាត់ការ ជនសង្ស័យតាមផ្លូវច្បាប់ រួចសមត្ថកិច្ចក៏បានប្រគល់សាកសព ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ខេត្តក្រចេះតែម្តង៕