(ភ្នំពេញ)៖ គម្រោង «សិល្បៈស្រុកយើង» របស់ខ្មែរប៊ែវើរីជីស ចាប់ផ្តើមដំណើរការឡើងវិញហើយ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការសម្តែងសិល្បៈខ្មែរ ដែលបើកឲ្យចូលទស្សនាដោយសេរីនៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក្រោយផ្អាកដំណើរការមួយរយៈ។

ការបើកដំណើរការឡើងវិញនៃគម្រោង «សិល្បៈស្រុកយើង» នេះ បង្ហាញពីមហិច្ឆិតាបន្តបំផុសគំនិតកូនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយឲ្យចូលរួមគាំទ្រ ទេពកោសល្យ និងស្នាដៃសិល្បៈខ្មែរ ដែលបានបន្សល់ជាកេរមរតកតាំងពីយូរយារណាស់មកហើយ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថាការសម្រេចឲ្យគម្រោង «សិល្បៈស្រុកយើង» ត្រឡប់មក វិញនេះ ដោយប្រារព្ធធ្វើនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង កាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រសិល្បៈខ្មែរ ដើម្បីទៅទស្សនា ក៏ដូចជាដើម្បីចូលរួមអភិរក្ស ទម្រង់សិល្បៈខ្មែរឲ្យកាន់តែល្បីរន្ទឺខ្លាំងជាងមុន។

គួរបញ្ជាក់ថាកម្មវិធី «សិល្បៈស្រុកយើង» ប្រារព្ធធ្វើចំនួន៦លើក ចាប់ពីខែកក្កដានេះ រហូតដល់ខែធ្នូ ដាច់ឆ្នាំ២០២០ ដោយរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យចុងក្រោយ នៃខែនីមួយៗ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕