(កំពង់ឆ្នាំង)៖ ផ្លូវលំគ្រួសក្រហម២ខ្សែស្ថិតនៅក្នុងភូមិ៣ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រវែង ១,១៧២ម៉ែត្រ កំពុងដំណើរការកសាងជាផ្លូវបេតុង ដោយចំណាយថវិកាមូលនិធិរបស់ឃុំ បូកជាមួយនឹងថវិកាបដិភាគរបស់ប្រជាពលរដ្ឋក្នុងឃុំ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនេះគឺជាការអភិវឌ្ឍន៍ថ្មីមួយទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី។

លោក នូ ខៀន មេឃុំស្រែថ្មី បានឱ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះថាយោងតាមការប្រជុំឯកភាពរបស់ក្រុមប្រឹក្សាឃុំនៅក្នុងឆ្នាំ២០២០នេះ ឃុំបានសម្រេច ចំណាយថវិកាមូលនិធិរបស់ឃុំ បូកជាមួយនឹងថវិកាបដិភាគរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន ២៩,៣១១,៩៤៩រៀល ដើម្បីកសាងផ្លូវលំគ្រួសក្រហមចំនួន២ខ្សែ ទៅជាផ្លូវ បេតុងវិញដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ចំពោះភូមិដែលទទួលបានផ្លូវបេតុងខាងលើនេះគឺភូមិក្តីត្នោត និងភូមិចំការតាម៉ៅ មានផ្លូវប្រវែង ៨៥៥ម៉ែត្រ និងភូមិទ្រាជើងមានផ្លូវប្រវែង៣១៧ម៉ែត្រប្រវែងផ្លូវសរុប ដែលពីដើមជាផ្លូវក្រាលគ្រួសក្រហម បានប្រែក្លាយឲ្យទៅជាផ្លូវបេតុងទាំងពីរខ្សែវិញ។ ចំពោះផ្លូវខាងលើនេះបានដាក់ឱ្យដេញថ្លៃតាមនិតិវិធីច្បាប់ និងដេញថ្លៃកសាង បានទៅក្រុមហ៊ុនលោកសុខហាន ទទួលម៉ៅការកសាងដែលផ្លូវខាងលើនេះមានទទឹង៤,៣០ម៉ែត្រ កំរាស់បេតុង១តឹកកន្លះ។ ដោយឡែកតាមកិច្ចសន្យាក្រោយពេល កសាងរួចរាល់ក្រុមហ៊ុនជាអ្នកម៉ៅការ ត្រូវទទួលខុសត្រូវថែទាំជួសជុលបន្តរយៈពេល ៦ខែទៀតទើបចប់គម្រោង។

ទាក់ទងនិងការកសាងផ្លូវនេះដែរ លោក សុខ ហាន ប្រធានក្រុមហ៊ុនម៉ៅការកសាងផ្លូវបេតុងខាងលើនេះ បានឱ្យដឹងថា ការកសាងផ្លូវ១ខ្សែប្រវែង៨៥៥ម៉ែត្រ នៅក្នុងភូមិក្តីត្នោត និងភូមិចំការតាម៉ៅ គឺកសាងទៅតាមស្តង់ដាកំណត់ដែលអាចនឹងរួចក្នុងរយៈពេល២ខែទៀត។ ចំណែកផ្លូវនៅចំណុចត្រពាំងអាលុង ក្នុងភូមិទ្រាជើង និងត្រូវកសាងបន្តនៅពេលកសាងផ្លូវបេតុងក្នុងភូមិក្តីត្នោត និងភូមិចំការតាម៉ៅ ខាងលើនេះរួចរាល់។

ប្រជាពលរដ្ឋ នៅក្នុងភូមិទាំង៣ ដែលទទួលបានផ្លូវបេតុងថ្មីនេះក៏បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំងប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងឃុំ បានបង់ប្រាក់បដិភាគសំរាប់ធ្វើផ្លូវក្នុង ១គ្រួសារ ១ពាន់រៀល ប៉ុន្តែគ្រួសារខ្លះដែលធូរធាខ្លះក៏បានបង់៥ពាន់ ឬក៏១ម៉ឺនរៀលផងដែរ សំរាប់កសាងផ្លូវនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរឱ្យបានស្រួលទាំងអស់គ្នា។

ប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរឃុំ ពិសេសគឺប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ថវិការមូលនិធិឃុំ បូកជាមួយថវិកាបដិភាគរបស់ ប្រជាពលរដ្ឋក្នុងឃុំ ដើម្បីបានកសាងផ្លូវបេតុងខាងលើនេះជួយសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ៕