(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានបន្តឆ្លៀតពេលចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យក្រុមជាង ប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ និងជំរុញការងារជាប្រចាំឃើញថា អាគាររដ្ឋបាលប្រណីតរបស់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញមួយនេះ លេចចេញជារូបរាង ៩០ភាគរយហើយ។ អាគារនេះ នឹងត្រូវបានបញ្ចប់រួចរាល់ និងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីអាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលបានប្រារព្ធពិធីសម្ពោធដាក់ដំណើរការប្រើប្រាស់ជាផ្លូវការរួចមកហើយក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ។

អាគារទាំងពីរនេះ ប្រកបដោយប្រណីតភាព និងទុកជាគំរូដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌដទៃទៀត ក្នុងការសាងសង់នាពេលក្រោយ៕