(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគជាពន់ពេកចំពោះមរណភាពរបស់លោក អ៊ុក ចាន់ ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេច។

ក្នុងសារលិខិតចូលរួមរំែលកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ បានចាត់ទុកមរណភាពរបស់លោក អ៊ុក ចាន់ គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបម្រើបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ គ្រប់កាលៈទេសៈប្រកបដោយស្មារតីទទួលខុសត្រូវ។

សូមបញ្ជាក់ថា លោក អ៊ុក ចាន់ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ៕