(ភ្នំពេញ)៖ កាលពីថ្ងទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីបានសម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទដែលមានរយៈពេលជា១ឆ្នាំមកនេះបានចប់ជាស្ថាពរជូន លោកស្រី ហម ហំ ជនជាតិខ្មែរ សញ្ជាតិអាមេរិកាំង និង លោក ម៉ក់ ភាព នៅខេត្តបាត់ដំបង តាមគោលការណ៍ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន។

លោកស្រី ហម ហំ អាយុ ៧១ឆ្នាំ រស់នៅរដ្ឋអូហៃអូ សហរដ្ឋអាមេរិក មានទំនាក់ទំនងស្នេហាជាមួយ លោក ម៉ក់ ភាព អាយុ ៥៨ ឆ្នាំ រស់នៅ ភូមិពោធ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង អស់រយៈពេលជាង ៥ឆ្នាំមកហើយ។ លោកស្រី ហម ហំ តែងតែផ្ញើលុយពីអាមេរិកជួយ លោក ម៉ក់ ភាព ក្នុងមួយខែ $200 ដុល្លារ ហើយក៏បានផ្ញើលុយមួយចំនួនទៀតទិញម៉ូតូទិញគោ និងទិញដី មួយចំនួនដែលគិតជាទឹកប្រាក់សរុបប្រមាណជាង $26,000 ដុល្លារ ។ ប៉ុន្តែ លោក ម៉ក់ ភាព បានបដិសេធថាតួលេខនេះមិនពិតទេ។ ក្រោយមកទៀតគាត់ក៏ទិញដីមួយកន្លែងថែមទៀតជាប់ផ្លូវធំតម្លៃ $1,000 ស្ថិតនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្ត បាត់ដំបង ដើម្បីធ្វើផ្ទះសម្រាប់គាត់មករស់នៅជីវិតចុងក្រោយលើទឹកដីខ្មែរ។

ចំណងស្នេហ៍នេះបានធ្វើអោយអ្នកទាំងពីរឈាន ដល់ពិធីសែនព្រេនដោយមានអ្នកជិតខាង និងអាជ្ញាធរភូមិឃុំដឹងឮទៀតផង។ ក្រោយពីបានរស់នៅជាមួយគ្នាបានមួយរយៈ លោក ម៉ក់ ភាព មិនពេញចិត្ត លោកស្រី ហម ហំ ព្រោះគាត់ផឹកស្រា ហើយជេរបញ្ចារមើលងាយគាត់និងបងប្អូនគាត់។ លោក ម៉ក់ ភាព បានគេងបែរខ្នង ហើយក៏មិនអោយលេខទូរស័ព្វខ្លួនទៅលោកស្រី ហម ហំ ជាមិត្តស្រីដឹងថាលេខប៉ុន្មានដែរ។ ទំនាក់ទំនងស្នេហាអ្នកទាំងពីរបានឈានដល់ការបាក់បែករហូតចែកផ្លូវគ្នា។

ចំពោះផ្ទះសាងសង់ថ្មីដែលមានទីតាំងដីខាងលើគឺ លោកស្រី ហម ហំ ជាអ្នកបង់រំលោះថ្លៃដី និងថ្លៃធ្វើផ្ទះ ក្នុងមួយខែ $400 ដុល្លារ(បានលុយមកពីប្រាក់រឺត្រែតពីអាមេរិក) យកទៅបង់អោយ ជាងសំណង់។ មកទល់ពេលនេះគាត់នៅជំពាក់ជាង $3,800 ដុល្លារទៀត ដែលត្រូវបង់ជាប្រចាំខែរហូតទាល់តែអស់។ ប៉ុន្តែសំបុត្រទិញលក់ដីខាងលើ គឺនៅក្នុងដៃ លោក ម៉ក់ ភាព ជាអ្នកកាន់កាប់។ ក្រោយចែកផ្លូវគ្នា លោកស្រី ហម ហំ បានព្យាយាមសុំប័ណ្ណដីផ្ទះមកកាន់កាប់ វិញ តែភាគី លោក ម៉ក់ ភាព មិនអោយ។ លោក ម៉ក់ ភាព បានបញ្ជាក់ថា ទោះបីលោកមិនបានចេញលុយ តែលោកបានចំណាយយពេលវេលា និងថាមពលកម្លាំងមើលថែទ្រព្យសម្បតិ និងការសាសង់ផ្ទះថ្មីនេះផងដែរ។ ផ្ទះនេះក៏ជាញើសឈាមរបស់គាត់ដែរ។ លោក ម៉ក់ ភាព សុំ $3,000 ទើបគាត់ព្រមអោយប័ណ្ណទិញលក់ច្បាប់ដើម។

តាមពិតទៅ គូស្នេហ៍ទាំងពីរបានឈ្លោះចោទប្រកាន់គ្នាទៅវិញទៅមកអស់រយៈពេលជិតមួយឆ្នាំមកហើយ។ ដោយសារម្នាក់ៗសុទ្ធតែខ្លាំងហើយចង់ឈ្នះរៀងៗខ្លួន ទើបមិនមានដំណោះស្រាយអ្វី ជាមួយគ្នាទោះបីមានការជួយសម្របសម្រួលពីលោកមេភូមិ និង លោកស្រីមេឃុំ ក៏ដោយ។ នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ លោកស្រី ហម ហំ បានស្វះស្វែងដាក់លិខិតគោរព សុំជំនួយពីសម្តេចតេជោ អោយជួយរកយុត្តិធម៍ជូនគាត់ផង ដោយចោទថាបុរសខ្មែរអ្នកបាត់ដំបងម្នាក់បានបោកគាត់ទាំងលុយនឹងទាំងបេះដូង។

កាលពីថ្ងៃសៅរ៍ថ្ងៃទី ២៥ កក្កដា ម្សិលមិញនេះ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជាអនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី បានអញ្ជើញចុះទៅដល់ផ្ទះពិនិត្យស្ថានភាព ជាក់ស្តែងដោយបានជួបពួកគាត់ទាំងពីរ និងបងស្រី២នាក់របស់ លោក ម៉ក់ ភាព ព្រមទាំងលោកមេភូមិពោធិ៍បាត់ដំបងឈ្មោះ មួន រ៉េ ផងដែរ ។

លោក ដួង តារា បានសម្របសម្រួលពន្យល់ផ្សៈផ្សាអោយភាគីទាំងពីរទទួលស្គាល់ការពិតថាអ្វីជារបស់អ្នកណាពិតប្រាកដ ហើយអ្វីដែលជារបស់រួមចាយរួមគ្នាពេលល្អូកល្អឺនជាមួយគ្នា។ បន្ទាប់មកក៏បានឈានទៅបញ្ចប់វិវាទទាំងស្រុងដោយភាគីទាំងពីរបានយល់ព្រមទទួលដោយស្ម័គ្រចិត្តគឺ មីង ហម ហំ យល់ព្រមបង់ប្រាក់ចំនួន $2,000 ទៅលោក ម៉ក់ ភាព រួមទាំងរោងប្រក់សង្ក័សីនៅក្រោយផ្ទះ (តម្លៃប្រមាណ $1,300) និងពាងទឹកមួយចំនួន សម្រាប់គាត់រុះរើយកទៅសាងសង់នៅកន្លែងថ្មី ។ ចំណែក លោកស្រី ហម ហំ គឺទទួលបានដីនឹងផ្ទះកំពុងបង់រំលោះសព្វថ្ងៃ ហើយត្រូវបន្តកាតព្វកិច្ចបង់ប្រាក់រហូតដល់ចប់។ លោកស្រី ហម ហំ បានសុំពេល ៥ថ្ងៃដើម្បីសុំអោយកូននៅអាមេរិកជួយលុយផ្ញើលុយ$2,000 មកជួយគាត់ ដើម្បីយកមកបង់អោយ លោក ម៉ក់ ភាព។

តាមពិតទៅ លោកស្រី ហម ហំ គាត់មិនហ៊ានអោយកូនដឹងពីរឿងគាត់ទេ ព្រោះខ្មាសកូន។ ប៉ុន្តែដល់ដំណាក់កាលនេះទៅហើយ បើមិនប្រាប់កូនក៏មិនកើតដែរ ព្រោះវិវាទត្រូវបានបញ្ចប់ ហើយក្នុងខ្លួនគឺគ្មានលុយ ដូច្នេះមានតែប្រាប់កូនការពិតទើបកូនអាចជួយបាន។ ក្នុងកិច្ចសន្យាសះជាបញ្ចប់វិវាទ ក្រោយពីលោកស្រី ហម ហំ ប្រគល់ប្រាក់ $2,000 អោយទៅ លោក ម៉ក់ ភាព ហើយ ទើបលោក ម៉ក់ ភាព ប្រគល់ប័ណ្ណទិញលក់ដីច្បាប់ដើមជូនគាត់។ ចំពោះលុយជាង $26,000 និងម៉ូតូ១គ្រឿង គឺចាត់ទុកជាទ្រព្យចំណាយរួមគ្នាក្នុងពេលដែលបានរស់នៅត្រូវរូវល្អូកល្អឺនជាមួយគ្នា។ ភាគីទាំងពីបានផ្តិតមេដៃបញ្ចប់វិវាទទាំងស្រុងដោយក្តីរីករាយ ដោយមានវត្តមានលោកមេភូមិពោធិ៍បាត់ដំបងជាសាក្សីផងដែរ។

លោក ដួង តារា ជំនួយការសម្តេចតេជោ បានគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ផ្តល់ក្តីសណ្តោសប្រណី និងយុត្តិធម៍ដល់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយគ្មានការរើសអើងថាមកពីណាឬសាសន៍អ្វីក៏ដោយអោយតែបានមកដល់សម្តេចហើយគឺនឹងទទួលបានយុត្តិធម៍មិនខាន។ ដំណោះស្រាយផ្សះផ្សាឈរ លើគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ គឺទទួលបានលទ្ធផលជោគជ័យល្អដែលគ្រប់គ្នាទទួលយកបានដោយពេញចិត្ត។ ទន្ទឹមនឹងនេះដែរ លោក ដួង តារា ក៏បានអរគុណដល់លោកអភិបាល ខេត្តបាត់ដំបង អភិបាលស្រុកសង្កែ លោកស្រីមេឃុំរការ និងលោកពូមេភូមិពោធិ៍បាត់ដំបង ព្រមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោទាំងអស់ ដែលបានចូលរួមដោះស្រាយបញ្ចប់វិវាទទទួលបានលទ្ធផលជោគជ័យដ៏ល្អប្រសើរនេះ។

ប្រជាពលរដ្ឋទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពរឹងមាំល្អ អាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ពលរដ្ឋគ្រប់ជាតិសាសន៍នៅក្នុងប្រទេសកម្ពុជា៕