(ភ្នំពេញ)៖  កំលាំងល្បាតផ្នែកព្រហ្មទណ្ឌ និងកំលាំង​​នគរបាលប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ  បាន​ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទលួច (​ឆក់កាបូប​)​ ដែលបានប្រព្រឹត្តនៅចំណុច​ឃ្លាំងលក់​ម៉ូតូលេខ១៥ ផ្លូវលេខ២៥៣ ក្រុមទី១៤ ភូមិ៥ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៦ វេលាម៉ោងប្រហែល ១០៖៣០នាទី ជនរងគ្រោះមានឈ្មោះ ឃឹម វួចគាង ភេទស្រី អាយុ ២៦ឆ្នាំ ជន​ជាតិខ្មែរ មានមុខរបរ ជាបុគ្គលិកក្រុម​ហ៊ុនអរុណរស្មី ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៣១០ សង្កាត់បឹង កេងកងទី៣ ​បានជិះម៉ូតូម៉ាក Honda Icon ពណ៌ស្លាទុំ ដោយបានដាក់កាបូបនៅលើសន្ទះជាន់ជើង ធ្វើដំណើរតាមដងផ្លូវលេខ២៥៣ ពីជើងមកត្បូង ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យពីរនាក់បាន ជិះម៉ូតូតាមពីក្រោយអែបទន្ទឹមខាងស្តាំ ហើយធ្វើ​​សលម្មភាពឆក់​កាបូបរបស់នាង​បានសម្រេច រួចព្យាយាមជិះ ម៉ូតូគេចខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញតាមពី​​ក្រោយ ព្រមទាំងស្រែកថា ចោរៗ ពេលនោះកំលាំង​សមត្ថកិច្ចយើងកំពុងល្បាត បានធ្វើការអន្តរាគមន៍ រហូតដល់ចំណុចផ្លូវលេខ២៥៣ កែងផ្លូវលេខ ២០២ (​មុខសាលាទឹកល្អក់​) មានរថយន្តមួយឆ្លង​កាត់ ជនសង្ស័យបានចាប់ហ្រ្វាំងម៉ូតូដួល ទើបសមត្ថកិច្ចយើងអន្តារាគមន៍​ឃាត់ខ្លូនជនសង្ស័យទាំងពីរ នាក់ និងវត្ថុតាង​បានជាក់ស្តែងតែម្តង ។

វត្ថុតាងចាប់យក ពីជនសង្ស័យរួមមាន៖
- កាបូបយួរពណ៌ខ្មៅមួយ មានលុយចំនួន២០$ និង លុយខ្មែរ ចំនួន ១៦ម៉ឺនរៀល ព្រមទាំងឯកសារ មួយចំនួន ដែលជារបស់ជនរងគ្រោះ និងត្រូវបានប្រគល់ជូនម្ចាស់ដើមរិញរួចរាល់ហើយ។
- ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1CG-4056 (លេខតួ 3021 00 និងលេខម៉ាស៊ីន 301098) ជាមធ្យោបាយជន សង្ស័យជិះធ្វើសកម្មភាពផ្ទាល់។

ជនសង្ស័យដែលបានឃាតខ្លួនបាន មានទី១. ឈ្មោះ ធី វាសនា ហៅ ធីខ្មៅ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ជាអ្នកបើកម៉ូតូពេលធ្វើសកម្មភាពឆក។ ជនសង្ស័យរូបនេះ គឺទើនតែចេញពីពន្ធនាគារកាលពីអំឡុងខែតុលា ឆ្នាំ២០១៥ ប៉ុណ្ណោះ។ ចំណែកឯជនសង្ស័យទី២. ដែលជាអ្នកធ្វើសកម្មភាពឆក់ មានឈ្មោះ កែវ លីហួរ ហៅ ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយក៏ទើប​ចេញពីពន្ធនាគារពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ពីបទ ឆក់កាបូប។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕