(ភ្នំពេញ)៖ ស្រ្តី២នាក់ជាជនសង្ស័យ ដែលបន្លំលួចកាបូបលុយ និងកាតទូរស័ព្ទ ខណៈដែលម្ចាស់រវល់ចូលក្នុងផ្ទះ ប៉ុន្តែម្ចាស់គេតាមទាន់ ក៏ចាប់ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ នៅម៉ោង៨៖៥២នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅផ្ទះលក់ដូរមួយកន្លែង តាមផ្លូវបេតុង ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីសង្ស័យទាំង២នាក់ ទី១-ឈ្មោះ យ៉ឹង ស្រីមុំ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតផ្សារលើ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ ឃុន ស្រីភ័ក្រ អាយុ៣២ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើតភូមិទឹកថ្លា ឃុំកុះ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ សាវ រតនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុខាងលើសម្ភារ លុយកាក់ ដែលជនសង្ស័យលួចយក មានកាតទូរស័ព្ទ ចម្រុះគ្រប់ប្រព័ន្ធ គិតជាទឹកប្រាក់ជាង ៤០០ដុល្លា និងលុយមួយចំនួនទៀត ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខគ្នា៣នាក់ ប្រុសម្នាក់ ស្រ្តីជនសង្ស័យ២នាក់ មកឈប់មុខផ្ទះ ហើយស្រ្តី២នាក់ ចុះទៅមានម្នាក់រកទិញ កាតទូរស័ព្ទ និងទិញលេ ខណ:ដែលអ្នកលក់រវល់តែចូលក្នុងផ្ទះ មានស្រ្តីម្នាក់ទៀតយកកាបូបលុយ និងកាតទូរស័ព្ទ ដាក់ចូលទៅក្នុងកាបូបស្ពាយរបស់ខ្លួន តែម្ចាស់ផ្ទះក្រឡេកឃើញទាន់ ចាប់ឃាត់ខ្លួនបានទាំង២នាក់ ចំណែកបក្ខពួកម្នាក់ទៀត ជាអ្នកឌុបមកនោះបានបើកម៉ូតូរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុង ក៏កសាងសុំណុំរឿងចាត់កាទៅតាមផ្លូវច្បាប់៕