(ស្វាយរៀង)៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូវ៉ាជែងជ្រុល ទៅបុកជាមួយរថយន្ដមួយគ្រឿងបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច ប្រាប់ភ្នាក់ងារ Fresh News ដែលបានចុះទៅកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច (Next) ធ្វើដំណើរពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងជាមួយរថយន្តហាយឡិនឌ័រមួយគ្រឿង ស្របទិសគ្នាក៏ជ្រុលចង្កូតបុកជាមួយរថយន្តសៀនណា ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើតមកលិច លាន់ឮដូចរន្ទះបាញ់ បណ្តាលឲ្យខ្ចាត់ចូលក្រោមរថយន្ដមួយគ្រឿងទៀត ដែលចតចោល ធ្វើឲ្យមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួន ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ។

បើតាមសមត្ថកិច្ច, អត្តសញ្ញាណជនរងគ្រោះទាំងពីរនាក់ដែលស្លាប់នេះ មិនទាន់ដឹងនៅឡើយទេ ហើយក៏កំពុងស្រាវជ្រាវរកសាច់ញាតិ៕