(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញលិខិតបំភ្លឺមួយពាក់ព័ន្ធករណីបុរសម្នាក់ចងកសម្លាប់ ព្រោះតែតូចចិត្តមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ព្រោះប្រឡងមិនជាប់ដោយ សារសុខភាព មិនល្អ ទើបអន់ចិត្តអន់ថ្លើមក៏ឈានដល់ករណីចងកសម្លាប់ខ្លួនតែម្តង។

ចំពោះព័ត៌មាននេះស្នងការដ្ឋាននគរបាលខេត្ត បានច្រានចោលទាំងស្រុង និងចាត់ការតាមនីតិវិធី ចំពោះអ្នកដែលផ្សាយព័ត៌មានមិនពិតនេះ នាំឲ្យចលាចលសង្គមជាតិ។ នេះបើតាមលិខិតបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល ទទួលបាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការស្លាប់បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅចំណុចដីឡូតិ៍ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បន្ទាប់ពីបានទទួលដំណឹងនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវទទួលបានព័ត៌មានដូចខាងក្រោម៖

*ទី១៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១៖៤០នាទី មានបុរសម្នាក់ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចងកសម្លាប់ខ្លួន នៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

*ទី២៖ តាមការបំភ្លឺពីឈ្មោះ អ៊ួន សយ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកហៀង ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ (ត្រូវជាអ៊ំជនរងគ្រោះ) បញ្ជាក់ថា ជនរងគ្រោះបានមករៀនភាសាត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែត្រូវបានប្រឡងធ្លាក់ ដោយមូលហេតុបញ្ហាសុខភាព។

*ទី៣៖ ផ្អែកតាមលទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យសន្និដ្ឋានបានថា ជនរងគ្រោះ ឈ្មោះ ម៉ៅ សារ៉ាត់ ពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុ នៃការធ្វើអត្តឃាតអាចបណ្តាលមកពីវិបត្តិផ្លូវចិត្តដោយមានបញ្ហាសុខភាព និងបំណងទៅធ្វើការនៅប្រទេសកូរ៉េពុំបានសម្រច។

*ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម សូមធ្វើការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើការសន្និដ្ឋាន វាយតម្លៃសភាពការណ៍ ឬរឿងរ៉ាវទាំងឡាយដែលកើតឡើង ដើម្បីចៀសវាងការសន្និដ្ឋាន វាយតម្លៃនោះ បង្កឲ្យមានចលាចលសង្គម និងមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់បុគ្គល ឬស្ថាប័នរដ្ឋ។ ទន្ទឹមនេះ សមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនដែលផ្សព្វផ្យាយព័ត៌មានមិនពិត មានចរិតញុះញង់ វិទ្ធង្សនា បង្កឲ្យមានចលាចលដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម៕