(កណ្ដាល)៖ ជាកាយវិការមនុស្សធម៌ល្អឯក និងជាការយកចិត្តទុកដាក់របស់ថ្នាក់លើ ពីសំណាក់ថ្នាក់ដឹកនាំនគរបាលខេត្តកណ្ដាល ដែលមានលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជាស្នងការ ចំពោះកូនចៅថ្នាក់ក្រោម ដែលបានយកចិត្តទុកដាក់ តែងតែខ្នះខ្នែងជួយដល់នគរបាលដែលមានទុក្ខលំបាក, នគរបាលដែលចូលនិវត្តន៍ និងនគរបាលទទួលអនិច្ចកម្មជាដើម ។

ជាក់ស្ដែងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក តំណាងលោកស្នងការ និងលោកស្នងការរងទទួលការងារធនធានមនុស្ស ព្រមទាំងក្រុមការងារបានប្រគល់ប្រាក់សមាគមមិត្តនគរបាល ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន៣រូប ។

គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៣រូបមានទី១៖ សពលោកវរសេនីយ៍ត្រី សុខ ហួត មន្ត្រីចូលនិវត្តន៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ទទួលមរណភាព ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយជំងឺលើសឈាម ទឹកប្រាក់ ៦,០០០,០០០រៀល។ ទី២៖ សពលោកអនុសេនីយ៍ឯក ទុំ បូរ៉ា មន្រ្តីចូលនិវត្តន៍ស្រុកកោះធំ ទទួល មរណភាពថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ ទឹកប្រាក់ ៦,០០០,០០០រៀល។ ទី៣៖ សពលោកអនុសេនីយ៍ទោ សែម សុខ បម្រើចូលនិវត្កន៍នៅស្រុកស្អាង ទទួលមរណភាពថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ ទឹកប្រាក់ ៦,០០០,០០០រៀល។

ទន្ទឹមនឹងកាយវិការមិត្តនគរបាលជួយមិត្តនគរបាល តែងតែជួយមកដល់ក្រុមគ្រួសារនគរបាលខេត្តកណ្ដាលនេះ គ្រួសារនគរបាលដែលទទួលបានប្រាក់ឧបត្ថម្ភនេះ បានថ្លែងអរគុណដល់លោក ឧត្តមសេនីយ៍ត្រីស្នងការ ដែលតែងតែយកចិត្តទុកដាក់មកដល់កូនចៅថ្នាក់ក្រោម ខណៈកាយវិការនេះឆក់យកបេះដូងស្មោះត្រង់ ពីកូនចៅនគរបាលគ្រប់រូបនៅទូទាំងខេត្តកណ្ដាល៕