(ភ្នំពេញ)៖ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន១១៧នាក់ មកពី១៣សាខា នៅព្រឹកទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ក្នុងកម្មវិធីយុទ្ធនាការ «នារីវ័យក្មេង ឆ្ពោះទៅភាពជាអ្នកដឹកនាំ» (Girl2Leader Cambodia) ក្រោមអធិបតីលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកអគ្គរាជទូត អ្នកដឹកនាំនយោបាយជាស្រ្តី (Women Political Leader) និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសជូនដល់សិស្សានុសិស្ស ជានារីវ័យក្មេង បានទទួលនូវចំណេះដឹងល្អៗ ស្តីពីតួនាទីស្រ្តី ក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ ធុរកិច្ច សេដ្ឋកិច្ច អប់រំ ជាដើម ជាពិសេសបានរៀនសូត្រ នូវបទពិសោធន៍ផ្ទាល់ខ្លួន ដ៏មានតម្លៃពីវាគ្មិនកិត្តិយស ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំស្ត្រីឆ្នើម ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖

*ទី១៖ លោកស្រី ពៅ សាវឿន សមាជិកាគណៈកម្មការទី១០ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី
*ទី២៖ លោកស្រី លី គឹមលៀង លេខាធិការ គណៈកម្មការទី២ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី
*ទី៣៖ លោកស្រី មុំ សណ្តាប់ អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការទី៨ នៃព្រឹទ្ធសភា
*ទី៤៖ លោកស្រី តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមជម្រាបថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង តាមប្រព័ន្ធអនឡាញ ដែល Live Video Conference ផ្ទាល់ពីបន្ទប់ព្រះវិហារ នៃវិមានរដ្ឋសភាជាតិ មកកាន់សាលសហសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (ទួលស្លែង) ដែលជាគំនិតផ្តួចផ្តើម របស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី (ក.ស.ក.ន.ស) និងសហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា និងលេខាធិការដ្ឋាន «ក.ស.ក.ន.ស»៕