(តាកែវ)៖ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បាននាំយកអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ ទៅប្រគល់ជូន ជនពិការក្រីក្រចំនួន២០នាក់ នៅខេត្តតាកែវ ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។

កម្មវិធីផ្តល់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការនេះ មានការចូលរួមពីតំណាងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកអភិបាលក្រុងដូនកែវ និងមន្រ្តីមូលដ្ឋានជាច្រើនរូប។

នៅក្នុងពិធីនេះលោកនាយកមូលនិធិជនពិការបានថ្លែងថា ចាប់តាំងពីមូលនិធិជនពិការ បានដំណើរការ ដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មកដល់បច្ចុប្បន្ននេះ នៅទូទាំង២៥រាជធានី-ខេត្តមានហិបចំនួន៧០០ហិប ត្រូវបានដាក់នៅតាមទីសាធារណៈ ដោយបានទទួលថវិកាសរុបចំនួន១,០៥៧,០៣៨,៦០០រៀល។

តាមរយៈថវិកាដែលប្រមូលបានពីហិបប្រាក់នេះ មូលនិធិជនពិការបានប្រើប្រាស់ទៅលើកម្មវិធីចំនួន៣ផ្សេងគ្នា ដើម្បីជួយដល់ជនពិការក្រីក្រដែលកម្មវិធីនោះមានដូចជា៖ ការផ្តល់អំណោយសប្បុរសធម៌ ការសាងសង់ផ្ទះ និងការផ្តល់ប្រាក់កំចីដែលមានការប្រាក់ទាប។

លោកបន្តថា កន្លងមកគិតចាប់ពីឆ្នាំ២០១៧មកដល់បច្ចុប្បន្ន មូលនិធិជនពិការ បានរៀបចំកញ្ចប់អំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនជនពិការក្រីក្រសរុបចំនួន១,០៩៨នាក់ ដែលក្នុងនោះខេត្តតាកែវ មូលនិធិជនពិការ តាមរយៈសាខា របស់ខ្លួនបានផ្តល់ជូនបានចំនួន៥២នាក់រួចមកហើយ។

ចំពោះការបើកផ្តល់ប្រាក់របបគោលនយោបាយឧបត្ថម្ភពិនិត្យ ព្យាបាល និងថែទាំសុខភាព និងបើកគណនីធនាគារ ជូនជនពិការក្រីក្រតាមសហគមន៍ក្នុងខេត្តតាកែវ គឺសាខាមូលនិធិជនពិការខេត្តបានអនុវត្តបានចំនួន ៣២៥នាក់៕