(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គ.ជ.ប មានទិសដៅធ្វើទំនើបកម្មបន្ថែមទៀត ចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលយើងអាចនឹងធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។

លោកបានសង្កត់ធ្ងន់ថា «យើងនឹងរៀបចំការបោះឆ្នោតឱ្យកាន់តែសុក្រឹតថែមទៀត ដោយលុបបំបាត់រាល់បញ្ហាដែលនៅសេសសល់ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានភាពរំជើបរំជួលក្រោយការបោះឆ្នោត ទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនតទៅទៀត»

លោកប្រធាន គ.ជ.ប បានថ្លែងបែបនេះ នាឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង នៅទីស្នាក់ការខេត្តដែលមានទីតាំងស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធអនឡាញ នឹងទទួលបានផលវិជ្ជមានដូចខាងក្រោម៖
* ចំណេញពេលវេលាទាំងគណបក្សនយោបាយ និងមន្ត្រីរៀបចំការបោះឆ្នោត
* ងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការគ្រប់គ្រងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
* ធានាថាឈ្មោះ និងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវ ដោយសារឈ្មោះ និងទិន្នន័យទាំងនោះត្រូវបានផ្ទេរចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប
* ធានាថាបេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះលើសពីមួយមណ្ឌលបោះឆ្នោត
* ធានាថាបេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះជាបេក្ខជនឱ្យគណបក្សនយោបាយលើសពីមួយ។

នាពេលជួបសំណេះសំណាលនេះដែរ លោកបានរំលឹកពីពិធីបញ្ជ្រាបការយល់ដឹងអំពីការបោះឆ្នោតនៅខេត្តព្រៃវែង ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សិស្ស និស្សិត និងសាស្រ្តាចារ្យជាច្រើនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ហើយក៏បានសួរទៅមន្ត្រី ល.ខ.ប ថាតើមាននរណាធ្លាប់បានចូលរួមស្តាប់ក្នុងពិធីនោះដែរ ឬទេ?

លោក ថៃ សុខវិសាល បានជម្រាបជូនឯកឧត្តមប្រធានថា «ខ្ញុំកាលពីមុនជាគរុសិស្ស ICT-English ធ្លាប់បានចូលរួមស្តាប់ប្រសាសន៍របស់ឯកឧត្តមប្រធាននៅពេលនោះ ហើយនៅពេលនេះ ខ្ញុំមានឱកាសចូលរួមបម្រើការងារជាមន្រ្តីបោះឆ្នោតរយៈពេលខ្លីនៅ ល.ខ.ប ព្រៃវែង ផ្នែកគ្រូបង្ហាត់កុំព្យូទ័រ។ ខ្ញុំសប្បាយចិត្តដោយបានស្តាប់ប្រសាសន៍របស់ឯកឧត្តមប្រធានដោយផ្ទាល់ម្តងទៀតនាពេលនេះ។ ខ្ញុំចងចាំគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត ដែលឯកឧត្តមប្រធានបានលើកឡើងនៅពេលនោះ»។

លោកប្រធាន គ.ជ.ប ក៏បានបញ្ជាក់ជាថ្មីថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រូវមានលក្ខណៈចាំបាច់ ១០ ចំណុច រួមមាន៖
* ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់
* ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះជាបេក្ខជន
* ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបង្កើតគណបក្សនយោបាយ
* ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ មានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិនយោបាយដោយសេរី
* បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើភាពក្នុងការឃោសនាបោះឆ្នោតដោយសេរី
* ត្រូវមានយន្តការធានាសុវត្ថិភាព នៅពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត
* អង្គការរៀបចំការបោះឆ្នោតត្រូវមានបទបញ្ជាច្បាស់លាស់ និងឥតលម្អៀងក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ក្នុងដំណើរការរាប់សន្លឹកឆ្នោត និងការដោះស្រាយបញ្ហារំលោភលើច្បាប់បោះឆ្នោត និងរំលោភលើបែបបទនៃការបោះឆ្នោត
* ត្រូវមានកម្មវិធីអប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យច្បាស់លាស់ អំពីដំណើរការ និងបែបបទនៃការបោះឆ្នោត
* ត្រូវមានគណៈកម្មការឯករាជ អព្យាក្រឹត ឥតលម្អៀងមួយសម្រាប់គ្រ
* ប់គ្រងដំណើរការបោះឆ្នោត ទទួលពាក្យបណ្តឹង និងដោះស្រាយពាក្យបណ្តឹងពីវិវាទនៃការបោះឆ្នោត
* រដ្ឋាភិបាល និងគណបក្សនយោបាយត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត៕