(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើង នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ឈ្មោះ ផល ឧត្តមមន្ត្រី (ដៃដល់) អាយុ១៧ឆ្នាំ និងឈ្មោះ រុន ម៉ារិន អាយុ ១៨ឆ្នាំ ។ ជនសង្ស័យបានធ្វើសកម្មភាពឆក់ជនរងគ្រោះម្នាក់ នៅត្រង់ចំណុច ផ្លូវ ២៥៧ កែងផ្លូវកម្ពុជា ក្រោម ទល់មុខមន្ទីរពេទ្យអង្គរធំ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយពេលនោះកម្លាំងល្បាតបានប្រដេញឃាត់ ខ្លួនតែម្ដង។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយខៀវ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1FW-7181។ ក្រោយចាប់ខ្លួនជន សង្ស័យ និង សម្ភារដកហូតខាងលេី ត្រូវបានបញ្ជូនទៅនាយកដ្ឋានដើម្បីចាត់ការបន្ដតាមនីតិវិធី៕