(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធាន ក្រុមសម្តេចឪ ជាព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាពការងារ របស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៏យ៉ាងសកម្ម មមាញឹកក្នុងការជួយភ្ជួររាស់ដីស្រែ ស្រូវរដូវវស្សា ជូនប្រជាកសិករក្រីក្រ នៅក្នុងឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រុមសម្តេចឪ បានចាប់ផ្តើមធ្វើការភ្ជួររាស់ដីស្រែជូនប្រជាកសិករ នៅក្នុងមូលដ្ឋាននេះ បានដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្រេចទទួលបានលទ្ធផលចំនួន ៩ហិកតា។

ក្រុមសម្តេចឪ នឹងបន្តការខិតខំធ្វើការភ្ជួររាស់លើដីស្រែ ជូនប្រជាកសិករ នៅក្នុងមូលដ្ឋាននេះឲ្យបានចប់រួចរាល់នៅក្នុងពេលខាងមុខ ដើម្បីឈានទៅបន្តជួយភ្ជួររាល់ ដីស្រែជូនបងប្អូនកសិករ នៅក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្ត ដទៃទៀត។ ជាក់ស្តែងសកម្មភាពដ៏ប្រពៃរបស់ក្រុមសម្តេចឪ នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅបន្ទាប់ពី ក្រុមសម្តេចឪ បានជួយភ្ជួររាស់ចប់រួចរាល់ជូនប្រជាកសិករក្រីក្រ ក្នុងឃុំស្នាយអញ្ជិត ស្រុក ជុំគីរី ខេត្តកំពត និងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចំនួន៤១១ហិកតា រួចមកហើយ។

សព្វថ្ងៃនេះ ក្រុមសម្តេចឪ បានបន្តសកម្មភាពជួយភ្ជួររាស់ដីស្រែជូនប្រជាកសិករ មាន ចំនួន៣មូលដ្ឋានថែមទៀត ក្នុងនោះមានការជួយបងប្អូនកសិករនៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងនៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រុមសម្តេចឪ បានគោរពទៅតាមគោលការណ៏ណែនាំ របស់សម្តេចចៅហ្វាវាំង ប្រធានក្រុមសម្តេចឪ ដែលសម្តេចចៅហ្វាវាំងតែងតែខិតខំយកអស់ពីកម្លាំងកាយចិត្ត ដោយ មិនខ្លាចនឿយហត់ គោរពដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការលំបាក ខ្វះខាត ក្នុងជីវភាពរស់នៅ របស់ប្រជារាស្ត្រទីទ័លក្រ ជាពិសេស នៅក្នុងរដូវបង្កបង្កើនផល ជារៀងរាល់ឆ្នាំ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ ប្រោសព្រះរាជទានដល់ក្រុមសម្តេចឪ ជួយភ្ជួររាស់ដីជូនបងប្អូនដែលគ្មាន គោ ក្របី ឬឧបករណ៏ សម្រាប់បម្រើអោយការអូសទាញ ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលបានទាន់ពេលវេលា និងទទួលបានលទ្ធផលខ្ពស់។

គួរបញ្ជាក់ជូនផងដែរថា ក្នុងដំណើរអញ្ចើញចុះបំពេញការងារ របស់សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ប្រធានក្រុមស្តេចឪ និងជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជារាស្ត្រ ក្នុងមូលដ្ឋាននេះ ដែលបានអញ្ជើញមកស្វាគមន៏ អបអរសាទរ ចំពោះសកម្មភាពការងារដ៏ល្អប្រពៃរបស់មន្ត្រី បុគ្គលិក ក្រុមសម្តេចឪ ព្រមទាំងធ្វើការសាបព្រោះ លើដីស្រែរបស់បងប្អូនផងដែរ ។

សម្តេចចៅហ្វាវាំង បានជម្រាបជូនបងប្អូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះ រាជហឬទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ អំពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនបងប្អូន ប្រជារាស្ត្រ ជាកូនចៅ ចៅទួត ជាទីស្នេហា របស់ព្រះអង្គគ្រប់រូប ដែលព្រះអង្គទាំងទ្វេតែងតែយក ព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះការងារបង្កបង្កើនផល របស់កសិករជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងប្រទេស ។

ហេតុនេះហើយព្រះអង្គមានព្រះរាជតម្រិះ ដ៏ភ្លីស្វាង ត្រាស់បង្គាប់សម្តេចចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឪ ធ្វើការភ្ជួររាស់ និងបូមទឹកបញ្ចូលស្រែ ជូនប្រជាកសិករក្រីក្រនៅគ្រប់ រដូវកាល ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផល និងទទួលបានភោគផលច្រើន។

ក្នុងឱកាសនោះ ប្រជារាស្ត្រជាម្ចាស់ស្រែ ជាកូនចៅ ចៅទួត រស់នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ និង សូមថ្វាយព្រះពរព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គបានប្រកបនូវព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាត ដើម្បីកូនចៅ ចៅទួត បានជ្រកកោននៅក្រោមម្លប់ ព្រះតេជៈ បារមីដ៏ត្រជាក់ត្រជុំ នៃព្រះអង្គជារៀងរហូតតទៅ។

ព្រមជាមួយនេះប្រជារាស្ត្រជាកូនចៅ ចៅទួត សូមឧទ្ទិសថ្វាយមហាព្រះរាជកុសល ដ៏ថ្លៃថ្លាក្នុងពេលនេះថ្វាយចំពោះដួងព្រះវិញ្ញាណក័ន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានយាងគង់ប្រថាប់សោយសុខ ក្នុងព្រះបរមសុគតិភព ប្រកបដោយព្រះបរមសុខក្នុងសម្បត្តិសួគ៌ និងព្រះនិព្វាន្តកុំបីឃ្លៀងឃ្លាតឡើយ៕