(ភ្នំពេញ)៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរ និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ឋរុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រ ជាមួយនឹងការ អ៊ុតកៅស៊ូ នៅខាងជើងផ្លូវមុខគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ជប់ហើយ។

បើគិតមកដល់នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងរៀបការ៉ូឡា លើចិញ្ចើមផ្លូវនេះយ៉ាងសកម្មផងដែរ។

គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរ នៅចំណុចតំបន់ក្តាន់២ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យស្ថានភាពចរាចរណ៍នៅតំបន់នេះ មានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ពាក់ព័ន្ធនឹងការកែសម្រួលប្រព័ន្ធចរាចរ នៅចំណុចតំបន់ក្តាន់២ និងការជីកដាក់លូ តាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើង ដោយចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។

ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២ រវាងវិថីស៊ីធីសេនធ័រ (ផ្លូវ R៦) និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែក ទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់២ ឲ្យនៅដដែល។

ក្រោយពីដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី និងការពង្រីកផ្លូវខាងលើនេះ ឃើញថា តំបន់ខាងលើនេះ កាត់បន្ថយនូវការកកស្ទះចរាចរណ៍ បានមួយចំនួនធំ ហើយក៏ទទួលបាននូវការកោតសរសើរ និងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

គួរបញ្ជាក់ថា ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់របងថ្ម តាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយ៍ប្រេងតូតាល់រហូតដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើជាពីរដំណាក់កាល៖

ដំណាក់កាលទី១៖ ចាប់ផ្ដើមអនុវត្តការដ្ឋាន ចេញពីស្ថានីយ៍ប្រេងតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ។
ដំណាក់កាលទី២៖ ចាប់ផ្ដើមពីផ្លូវ R៦ (ស្តុបក្តាន់២) នេះ រហូតដល់ទប់វត្តនាគវ័ន្ត ដែលមានប្រវែង៤៣៧ម៉ែត្រ៕