(ព្រះវិហារ)៖ ស្ត្រីម្នាក់រស់នៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រហូតកាត់ជើងម្ខាង សូមអំពាវនាវឲ្យតុលាការខេត្តព្រះវិហារ ពន្លឿនដំណើរការកាត់ក្តីរកយុត្តិធម៌ជូននាង ខណៈសព្វថ្ងៃនេះឪពុករបស់នាង កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ និងស្ថានភាពគ្រួសារកំពុងខ្វះខាតបានព្រឹកខ្វះល្ងាច។

នៅចំពោះមុខក្រុមការងារមនុស្សធម៌ ដែលដឹកនាំដោយលោក រឹទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ ដែលបាននាំអំណោយជាថវិកា និងសម្ភារយក ទៅប្រគល់ជូន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ស្ត្រីរងគ្រោះបាននិយាយរៀបរាប់ថា នាងមានឈ្មោះ ទូច នាង អាយុ៣១ឆ្នាំ សព្វថ្ងៃរស់នៅជាមួយ ឪពុកម្តាយចាស់ៗ និងចិញ្ចឹមក្មួយម្នាក់ទៀត ហើយឪពុកម្តាយមិនអាចប្រកបការងារអ្វីបាននោះទេ គឺសង្ឃឹមទៅលើរូបនាងតែម្នាក់គត់ ម៉្យាងទៀតឪពុកនាងសព្វថ្ងៃនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យផងដែរ។

ស្ត្រីរងគ្រោះបាននិយាយរៀបរាប់ឲ្យដឹងទៀតថា ទោះបីស្ថានភាពគ្រួសាររបស់នាងមានជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាចក៏ដោយ ក៏នាងរស់នៅមានក្តីសុខដែរ។ ប៉ុន្តែកម្មអកុសល បានកើតឡើងដោយមិនបានគ្រោងទុក ធ្វើឲ្យរូបនាងជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យរងរបួសធ្ងន់កាត់ជើងឆ្វេងម្ខាង។

ចាប់តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍ រហូតមកដល់ថ្ងៃនេះ គឺជិតរយៈពេលមួយខែហើយ បណ្តាលឲ្យស្ថានភាពគ្រួសារ កាន់តែលំបាកវេទនា ដោយសាររូបនាង មិនអាចធ្វើកិច្ចការអ្វីបាន។

ជាមួយគ្នានោះ ស្ត្រីរងគ្រោះខាងលើបានអំពាវនាវឲ្យតុលាការខេត្តព្រះវិហារ ជួយពន្លឿនការកាត់ក្តីរកយុត្តិធម៌ជូននាងផង ដើម្បីនាងទទួលបានសំណង ទុកចិញ្ចឹមជីវិត និងក្រុមគ្រួសារ មិនតែប៉ុណ្ណោះស្ត្រីរងគ្រោះ ក៏បានអំពាវនាវឲ្យសប្បុរសជន មេត្តាជួយជើងសប្បនិម្មិតដល់នាងផង ដើម្បីឲ្យរូបនាង អាចមានលទ្ធភាពប្រកបរបរផ្សេងៗបាន។

ដោយឡែក លោកវរសេនីយ៍ទោ រឹទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីស្ថានភាពរស់នៅលំបាកវេទនា របស់ស្ត្រីរងគ្រោះខាងលើ រូបលោកបាននាំអំណោយរបស់លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្ត ចុះជួយស្រុកត្បែងមានជ័យ និង អំណោយកាកបាទក្រហមកម្ពុជា ក៏ដូចជាអំណោយសមាជិកក្រុមការងារមនុស្សធម៌ ស្រុកត្បែងមានជ័យ រួមមានថវិកា និងសម្ភារយកទៅប្រគល់ជូនដល់ផ្ទះផងដែរ៕