(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ចំពោះការធ្វើអាជីវកម្មជីកយកអាចម៍ដី នៅតាមបណ្ដាក្រុង-ស្រុក ត្រូវជំរុញការអនុវត្ត ឲ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងបទដ្ឋានបច្ចេកទេស ជាពិសេសអាជ្ញាប័ណ្ណអាជីវកម្ម។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ផងដែរ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានសហការចុះជួយឧបត្ថម្ភ និងដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។

២៖ មន្ទីរពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្តតាមដាន និងជំរុញដល់ការបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលា ព្រមទាំងបំផុស និងគាំទ្រដល់ការដាំដុះបន្លែ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម បន្ថែមពីការបង្កបង្កើនផលស្រូវ ជាពិសេសប្រភេទផលិតផលដែលចំណាយដើមតិច រយៈពេលខ្លី និងឆាប់ទទួលផល។

៣៖ រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការ និងគាំទ្រការងារ ចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តការងារ ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋានបន្ថែមទៀត ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវធ្វើការដោះស្រាយបញ្ហា ដែលបានកើតឡើងឲ្យបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រពិតប្រាកដ។

៤៖ មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗ ឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។

៥៖ រដ្ឋបាលក្រុង ស្រុកត្រូវជំរុញដោះស្រាយទំនាស់ នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។

៦៖ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ ស្ទឹង បឹង បួរ ព្រែក និងអាងទឹក ហើយក្នុងករណីមានការរំលោភបំពានណាមួយកើតឡើង ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់វិធានការអនុវត្តតាមផ្លូវច្បាប់ជាបន្ទាន់។

៧៖ ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាមជាដើម ព្រមទាំងត្រូវបន្តពង្រឹង ការអនុវត្តវិធានការសុខាភិបាល គម្លាតសង្គម និងវិធានការចត្តាឡីស័ក ឲ្យបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូល មកស្រុកកំណើតវិញ។

៨៖ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត៕