(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។ ពិធីនេះ ត្រូវបានធ្វើឡើងទៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានអ្នកចូលរួមជាច្រើនរូបទៀតផងដែរ។

ខេត្តតាកែវ ជាខេត្តដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយ ហើយបានបន្សល់ទុកនូវកេរ្តិ៍ដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងសម្បូរបែប ដែលមានសក្តានុពលខ្ពស់ លើវិស័យទេសចរណ៍។ ទន្ទឹមនេះដោយ មានការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងដោយមានទីតាំង នៅលើផ្លូវឆ្លង កាត់ភ្នំពេញ និងកំពង់ផែជាបណ្ដើរៗ បច្ចុប្បន្នខេត្តបានក្លាយជាទីតាំងប្រមូលផ្តុំនៃរោងច្រក សហគ្រាស ឧស្សាហកម្មផ្នែកកមន្តសាល និងសិប្បកម្ម ដែលបានបោះទីតាំងជាច្រើនក្នុងខេត្ត ហើយក៏ជាគោលដៅ សំខាន់នៃការវិនិយោគក្នុងវិស័យឧស្សហកម្មរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ខេត្តតាកែវ ក៏ជាប៉ូលកសិកម្មមួយដ៏ល្បីល្បាញ និងជាជង្រុកស្រូវមួយរបស់ប្រទេសកម្ពុជាផងដែរ ដែលមានផ្ទៃដីមានជីជាតិ រួមជាមួយការគិតគូរ បន្តអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របានធ្វើឲ្យទិន្នផលកសិកម្មមានការកើនឡើងជាលំដាប់។ ខេត្តក៏មានវិស័យដែលមានសក្តានុពលសំខាន់មួយចំនួនដូចជា៖ ជាទីតាំងល្អ និងមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទដូចជាផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវអាកាស និងផ្លូវទឹក ហើយនៅកៀកជិតនឹង កំពង់ផែអន្តរជាតិ សំខាន់ៗរបស់ប្រទេស ដែលអាចផ្តល់នូវភាពងាយស្រួល និងមានកាលានុវត្តភាពខ្ពស់សម្រាប់អ្នកវិនិយោគ ក្នុងការដឹកញ្ជូនទំនិញ ទៅកាន់ទីផ្សាក្នុងស្រុក និងបរទេស។

ខេត្តតាកែវ ក៏មានសក្តានុពល លើវិស័យកសិកម្ម កសិពាណិជ្ជកម្ម រ៉ែ វិស័យទេសចរណ៍ និងឧស្សាហកម្មសិប្បកម្មផងដែរ ក្រៅពីផ្នែកសក្តានុពលផ្សេងៗទៀត។

* វិស័យកសិកម្ម៖ ខេត្តមានផ្ទៃដីសរុប ៣,៧៥៤.៤៣គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីដែលមានសក្តនុភាព ក្នុងផលិតកម្មកសិកម្មចំនួន ២៦៤,០០០ហិចតា ដែលចែកចេញជាផ្ទៃដី៖ ស្រូវរដូវវស្សា ១៨០ ,០០០ហិចតា និងស្រូវរដូវប្រាំង ៨០,០០០ហិចតា, ផ្ទៃដីចំការ ៤,០០០ហិចតា ដែលជាដីមានជីជាតិ សក្តានុពលលើការដាំដំណាំកសិឧស្សហកម្ម និងពាណិជ្ជកម្ម។ ក្រៅពីនោះជាផ្ទៃដីលំនៅដ្ឋាន ព្រៃ បឹង ស្ទឹង ប្រឡាយ និងសំណង់។ល។

* ប្រព័ន្ធធារាសាស្ត្រដែលគាំទ្រដល់វិស័យកសិកម្ម៖ ខេត្តតាកែវ បានខិតខំយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត សំដៅធានាដល់ការផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្ម និងសម្រាប់បូមសង្គ្រោះនៅពេលជួបគ្រោះរាំងស្ងួត។ ក្នុងខេត្តតាកែវ មានប្រព័ន្ធធារាសាស្ត្រតូច មធ្យម និងធំ សរុបចំនួន១៣០ប្រព័ន្ធ ដែលនៅក្នុងនោះមានទំនប់ចំនួន ៩៤កន្លែង ប្រវែង ២១៥,៤២០ម៉ែត្រ។

ប្រឡាយមេ ចំនួន ៣១២ខ្សែ ប្រវែង៩២៧,៦៤១ម៉ែត្រ ប្រឡាយរងចំនួន ១,៣៤៦ខ្សែ ប្រវែង១,៤៦១,៣៥០ម៉ែត្រ និងស្ថានីយ៍បូមទឹក ៤៥កន្លែង ដែលអាចធានាការ ស្រោចស្រពបានលើផ្ទៃដីប្រមាណជាង ៧០% នៃផ្ទៃដីផលិតកម្មកសិកម្មទូទាំងខេត្ត ដោយមិនទាន់គិតបញ្ចូលប្រព័ន្ធស្រោចស្រព និងសំណង់ធារាសាស្រ្តខ្នាតតូច ដែលស្តារជួសជុល និងសាងសង់ដោយថវិកាមូលនិធិឃុំសង្កាត់ផងទេ។

*វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្ត៖ 

នៅទូទាំងខេត្តមានសហគ្រាស គ្រឹះស្ថាន វាយភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន ៤៩ប្រើប្រាស់កម្លាំងកម្មករ និយោជិតសរុបចំនួន ៤៧,៤១៦នាក់ ស្រី៤០,២១៣នាក់ ។ សហគ្រាស គ្រឹះស្ថាន ក្រៅពីកាត់ដេរចំនួន១៥០ ប្រើប្រាស់កម្លាំងកម្មករនិយោជិតចំនួន១០,៣១១នាក់ ស្រី៧,១៥៤នាក់។ សហគ្រាស គ្រឹះស្ថាន បើកថ្មីវាយភណ្ឌផលិតស្បែកជើង និងកាត់ដេរ ក្រៅពីកាត់ដេរចំនួន ៤៦សហគ្រាស ប្រើប្រាស់កម្លាំងកម្មករនិយោជិតចំនួន ១១,៦០៦នាក់ ស្រី៩,៨៥៤នាក់។

សិប្បកម្មដែលមានទុនក្រោម ៣,០០០ដុល្លារ កំពុងដំណើរការចំនួន១,៧៧៣មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មចំនួន ៣,៨៧៦នាក់ ស្រី១,៦៥៣នាក់។ សិប្បកម្មប្រពៃណីមានចំនួន ០៤ស្រុក (បាទី ព្រៃកប្បាស សំរោង និងត្រាំកក់) ផលិតហ៊ូល ផាមួង ក្រមាសូត្រ និងសារ៉ុងសូត្រ មានកីតម្បាញចំនួន២,៤៨៥កី ផលិតបានចំនួន ១០,៧៣៣ក្បិន និងប្រើប្រាស់កម្លាំងពលកម្មចំនួន ៤,៦៦៥នាក់ ស្រី២,៤៨៥នាក់។

* វិស័យទេសចរណ៍៖ ខេត្តតាកែវជាខេត្តមួយ ដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ ជាប្រភពដើម នៃវប្បធម៌ អរិយធម៌ជាតិ ដែលមានសក្ដានុពលទេសចរណ៍ ទាំងវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ រមណីយដ្ឋានទេសចរណ៍របស់ខេត្តតាកែវ មានដូចជា៖ មានរមណីយដ្ឋានទេសចរណ៍ ចំនួន០៩កន្លែង ក្នុងនោះ រមណីយដ្ឋានទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិមានចំនួន០៥កន្លែង រួមមាន ភ្នំដា ភ្នំបាយ៉ង់កោរ ភ្នំជីសូរ្យ ភ្នំតាម៉ៅ និងទន្លេបាទី។

* វិស័យសុខាភិបាល៖ ខេត្តតាកែវ មានមន្ទីរពេទ្យបង្អែក ចំនួន០៧កន្លែង ក្នុងនោះមានមន្ទីរពេទ្យខេត្តចំនួន ០១កន្លែង មន្ទីរពេទ្យភ្នែក០១កន្លែង មន្ទីរពេទ្យបង្អែកចំនួន៦កន្លែង និងមានមណ្ឌលសុខភាពសរុបចំនួន ៨៣កន្លែង និងប៉ុស្តិ៍សុខភាពចំនួន០៣។ មានមន្ត្រីរាជការបុគ្គលិកសុខាភិបាល សរុប ១,៤២៥នាក់ ស្រី៧៥៨នាក់។

* វិស័យអប់រំ៖ នៅទូទាំងខេត្តមានសាលាមតេ្តយ្យសរុបចំនួន ៤១៩សាលា មត្តេយ្យរដ្ឋមាន ២៩២សាលា សហគមន៍មាន ១១៦សាលា និងសាលាឯកជន មាន១០សាលា មានថ្នាក់សរុបចំនួន ៥៨៣ថ្នាក់ មានសិស្សសរុប ១៨,៥៦០នាក់ ស្រី៩,៤៥១នាក់ គ្រូសរុប៦០៥នាក់ ស្រី៥៦៥នាក់។ សាលាបឋមសិក្សាមាន ៧១កម្រង ស្មើនឹង៣៨២សាលា ថ្នាក់ចំនួន៣,៥៧៤ថ្នាក់ មានសិស្សសរុបចំនួន១១៥,៥៨០នាក់ ស្រី៥៥,៣៥១នាក់ គ្រូសរុប៤,១៦១នាក់ ស្រី១,៦៦១នាក់។

សាលាមធ្យមសិក្សាចំណេះទូទៅ មានចំនួន១០កម្រង ស្មើនឹង១២៨សាលា ក្នុងនោះ អនុវិទ្យាល័យ ចំនួន៦៧សាលា វិទ្យាល័យ ចំនួន៥២សាលា ឯកជន០៩សាលា មានថ្នាក់សរុបចំនួន១,៨២០ថ្នាក់ មានសិស្សសរុបចំនួន ៧៤,៥២៧នាក់ ស្រី៣៨,៥៨៨នាក់ ក្នុងនោះសិស្សអនុវិទ្យាល័យចំនួន ១៧,១០៦នាក់ ស្រី៨,៦៦៧នាក់ និងសិស្សវិទ្យាល័យ ចំនួន៥៦,១៦៥នាក់ ស្រី២៩,៣៣៥នាក់ សិស្សសាលាឯកជន១,២៥៦នាក់ ស្រី៥៨៦នាក់។

* ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន៖ ក្នុងឆ្នាំ២០១៩-២០២០នេះ រដ្ឋបាលខេត្តតាកែវ ទទួលបាននូវសមិទ្ធផល ដ៏ធំធេង គឺការជួសជុល និងស្ថាបនាឡើងវិញ នូវផ្លូវជាតិលេខ២ លេខ៣ លេខ២២ និងការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ ដែលមានមួយផ្នែកស្ថិតក្នុងទឹកដី នៃខេត្តតាកែវផងដែរ ហើយដែលបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងទៅថ្មីៗនេះ។

* វិស័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី៖

ការងារដីធ្លី៖ ការងារចុះបញ្ជីលក្ខណៈជាប្រព័ន្ធ៖ អនុវត្តបាន៧៥៦ភូមិ ៦៨ឃុំសង្កាត់ ៩ក្រុងស្រុក, បញ្ចូលទិន្នន័យក្បាលដី សម្រេចបាន៤៧,៤៧០ក្បាលដី ស្មើនឹង៧៩% នៃផែនការ, បិទផ្សាយជាសាធរណៈសម្រេចបាន ៤៩,០៣០ក្បាលដី ស្មើនឹង៨២% នៃផែនការ និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ២១,០១២ប័ណ្ណ ស្មើនឹង៣៥% នៃផែនការ។

ខេត្តតាកែវ មានច្រកទ្វារព្រំដែនផ្លូវការ ជាប់ជាមួយនឹងប្រទេសវៀតណាមចំនួន៣ ទី១៖ គឺច្រកទ្វារព្រំដែន អន្តរជាតិភ្នំដិន (ដែលជាច្រកទ្វារផ្លូវគោក) ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ និងទី២៖ ច្រកទ្វារព្រំដែនទ្វេភាគី កំពង់ក្រសាំង ស្ថិតនៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ និងទី៣៖ ច្រកទ្វារព្រំដែនទ្វេរភាគី បាក់ដៃ ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី (ដែលជាច្រកទ្វារផ្លូវទឹក)។

ច្រកទ្វារព្រំដែនទាំងនេះ គឺជាច្រកដ៏សំខាន់របស់ខេត្តតាកែវ ដែលបច្ចុប្បន្នបម្រើដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកវិនិយោគ និងការនាំចេញនាំចូលទំនិញ ព្រមទាំងសកម្មភាពពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និងសម្រាប់ប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំងពីរធ្វើការដោះដូរកសិផលផងដែរ៕