(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានប្រាប់ឲ្យមន្ត្រីខិតខំបន្តធ្វើការងារឲ្យបានល្អប្រសើរ ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបប្រទះនូវការខ្វះខាត។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់គណៈកម្មការសាខាកាកបាទក្រហមខេត្តទាំងអស់ ដែលកន្លងមកបានរួមសហការគ្នា ធ្វើកិច្ចការបានល្អប្រសើរក្នុងអាណត្តិរបស់ខ្លួន លើការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ។

ទន្ទឹមនឹងនេះផងដែរ លោកប្រធានសាខា បានសំណូមពរឲ្យថ្នាក់ដឹកនាំ នៃអង្គភាពសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមទាំងអស់ បន្តរួមសហការគ្នា ធ្វើកិច្ចការមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ឲ្យបានជោគជ័យបន្ថែមទៀត នៅពេលបន្តបន្ទាប់ខាងមុខ។

សូមបញ្ជាក់ថា បន្ទាប់ពីចប់កិច្ចប្រជុំនៅស្នាក់ការសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលគុណភាពការស្ថាបនា សួនច្បារមាត់ទន្លេ ដើម្បីបង្កើនសោភ័ណភាព ឲ្យកាន់តែស្រស់បំព្រង សម្រាប់ភ្ញៀវទេសចរជិត ឆ្ងាយមកលំហែរកាយ នៅតាមតំបន់ដងទន្លេក្នុងក្រុងកំពង់ចាមនេះផងដែរ៕