(ត្បូងឃ្មុំ)៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងសាលាបឋមសិក្សាភូមិប្រាំ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក កែវ វណ្ណៈ បានឲ្យដឹងទៀតថា ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយយកមកលេបផងដែរ។ 

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះគឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ។

បើតាមប្រធានសុខាភិបាល ជនរងគ្រោះស្លាប់ មិនបណ្តាលមកពីជំងឺកូវីដ១៩នោះឡើយ ដោយសារខាងគ្រូពេទ្យមិនទាន់បានយកសំណាកទៅពិនិត្យនៅឡើយនោះទេ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩៨នាក់ ដែលក្នុងនោះមាន១៤២នាក់ បានជាសះស្បើយ និង៥៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ ជាពលរដ្ឋអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ថ្វីដ្បិតតែមានករណីឆ្លងថ្មីៗនេះក៏ដោយ ប៉ុន្តែករណីទាំងនោះសុទ្ធសឹងតែជាករណីនាំចូល ដោយមិនទាន់មានការឆ្លងចេញពីពលរដ្ឋនៅក្នុងប្រទេសឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕