(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករានេះ បានសរសេរសារមួយនៅលើ Facebook Page របស់សម្តេច ដោយបានរំលេចនូវអត្ថន័យ ក្នុងដួងចិត្តឪពុកចំពោះកូនៗ និងចៅៗ ដែលតែងតែបារម្ភពីសុខទុក្ខ គ្រប់ពេលវេលា មិនថាទៅទីជិត ឬទីឆ្ងាយនោះទេ។

លើសពីនេះទៅទៀតនោះ ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កូនខ្មែរគ្រប់ ឲ្យយកចិត្តទុកដាក់ដល់ព្រះរស់នៅក្នុងផ្ទះ ដោយកុំទុកមនុស្សចាស់ឱ្យនៅឯកោ ត្រូវធ្វើបុណ្យថែទាំគាត់ទាន់គាត់ នៅរស់ប្រសើរជាងចាំគាត់ ចែកឋានទើបនាំគ្នាស្តាយក្រោយ។

ខាងក្រោមនេះ ជាសារដែលបង្ហោះក្នុង Facbook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទាំងស្រុង៖

មួយរយៈកន្លងមក ខ្ញុំបាននិយាយច្រើនពីកូន និងចៅខ្ញុំ។ ថ្ងៃនេះខ្ញុំចង់និយាយពីមាតា បិតាដែលមនុស្សគ្រប់រូបតែងមានដូចៗគ្នា។ ពេលខ្ញុំក្លាយជាឪពុក និងជាជីតារបស់កូនៗនិងចៅៗ ខ្ញុំកាន់តែយល់នូវ ទឹកចិត្តឪពុកម្តាយខ្ញុំ ជីដូន ជីតាខ្ញុំនៅពេលដែលពួកគាត់នៅរស់។ ដោយសារខ្ញុំជាបង្គោល ក្នុងគ្រួសារឪពុក ម្តាយខ្ញុំបានស្ថិតនៅក្នុងផ្ទះជាមួយខ្ញុំ រហូតជីវិតចុងក្រោយរបស់គាត់។ ម្តាយក្មេកខ្ញុំនៅផ្ទះជាប់គ្នា ដែលផ្តល់ឱកាសឱ្យកូនៗ និងចៅៗបានមើលថែពួកគាត់ យ៉ាងដិតដល់បំផុត។

ពេលឪពុកខ្ញុំនៅរស់ គាត់មានកូនប្រុស ស្រី៦នាក់ ចៅជាង៣០នាក់ ចៅទួតជាង៦០នាក់។ គាត់ស្គាល់ឈ្មោះចៅ និងចៅទួតទាំងអស់ ដែលបង្ហាញឱ្យឃើញថា គាត់នៅជាមួយយើងតាំង ពីពេលយើងចាប់ផ្ទៃ រហូតដល់ថ្ងៃដែលគាត់លាចាកលោកនេះទៅ។

ករណីយនេះដូចគ្នាជាមួយគ្រួសារខ្មែរយើង ភាគច្រើនដាច់ខាត។ ពេលនេះខ្ញុំកាន់តែយល់ថា ហេតុអ្វីបានជាឪពុកខ្ញុំតែងតែសួររកខ្ញុំ និងរង់ចាំមើលផ្លូវខ្ញុំ ពេលខ្ញុំទៅបំពេញភារកិច្ចឆ្ងាយ។ ទោះខ្ញុំមានឋានៈនាទីខ្ពង់ខ្ពស់ មានកូនមានចៅក៏ដោយ តែក្នុងចិត្តគាត់ខ្ញុំនៅតែជាក្មេងម្នាក់ ដែលគាត់ត្រូវមើលថែជាប្រចាំ។

ពេលនេះដល់វេនខ្ញុំម្តង ពេលបាត់ដំណឹងកូនណាមួយ ពិសេសនៅពេលអត់មានកូន និងថែមទាំងអត់មានចៅនៅជិត ខ្ញុំមានអារម្មណ៍ហាក់ឯកោខ្លាំង។ ពេលចៅៗមកជួបជុំម្តងៗ ចំនួនលើសពី៣នាក់ឡើងទៅ ទោះបីវិលមុខបន្តិចដោយសារចៅៗ ប្រឡែងគ្នាតែមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ហើយកាន់តែរីករាយថែមទៀត នៅពេលចៅណាមួយ យកលទ្ធផលរៀនសូត្រមកឱ្យជីតាមើល។

សូមក្មួយៗ និងចៅៗទាំងឡាយ មេត្តាយកចិត្តទុកដាក់ ដល់ព្រះរស់នៅក្នុងផ្ទះ។ ទោះមានឬក្រតែចិត្តមនុស្សដូចគ្នាទេ។ សុំកុំទុកមនុស្សចាស់ឱ្យនៅឯកោ ត្រូវធ្វើបុណ្យថែទាំគាត់ទាន់គាត់ នៅរស់ប្រសើរជាងចាំគាត់ ចែកឋានទើបនាំគ្នាស្តាយក្រោយ។ ត្រូវថែទាំគាត់ និងជូនគាត់ពិសារទាន់គាត់នៅរស់ប្រសើរជាងសែនព្រេន ឱ្យគាត់នៅពេលគាត់មរណកាលទៅហើយ។
បើមិនបានផ្តល់អ្វីឱ្យអ្នកមានគុណទេ សូមកុំធ្វើឱ្យឪពុកម្តាយ ជីដូនជីតា ស្រក់ទឹកភ្នែកដោយសារទង្វើខុសរបស់យើង ដូចជាលេងល្បែងស៊ីសង គ្រឿងញៀន លួចប្លន់ បងតូច បងធំ។ល។ អ្នកមានគុណចង់ឱ្យយើងម្នាក់ៗក្លាយជាមនុស្សល្អ៕