(ត្បូងឃ្មុំ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ បង្ហាញប្រាប់សាធារណជន នូវការបំបែកសំណុំរឿង ក្តីយ៉ាងរសើបមួយ ដោយបង្ហាញមុខ និងអត្តសញ្ញាណជនល្មើស ក្រុមក្លែងខ្លួនធ្វើជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ ពាក់ព័ន្ធនឹងករណីឆបោក ជម្រិតទារប្រាក់ពីមន្ត្រី ដែលត្រូវដំឡើងស័ក្កិ និងឡើងតំណែងតួនាទីពីក្រសួង ស្ថាប័ន មន្ទីរ-អង្គភាព នៅថ្នាក់ក្រោមជាតិ នាពេលកន្លងមក។

សន្និសីទនេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

បើតាមលោក បែន រ័ត្ន ឲ្យដឹងអត្តសញ្ញាណជនល្មើសទាំង២នាក់៖ ទី១-ឈ្មោះ សួន មុនី ហៅតាង៉ុក ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិកក់ប៉ែ ឃុំចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង (ជាមេខ្លោង) និងទី២៖ ឈ្មោះ ខន សុម៉ាលី ហៅទូច ភេទស្រី អាយុ៣៦ឆ្នាំ ទីកន្លែងកំណើតនៅភូមិនិគមន៍ក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ជាជំនួយការ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងទៀតថា រឿងក្តីដ៏ក្តៅ និងរសើបនេះ ត្រូវបំបែកបានក្រោមការសហការបានយ៉ាងល្អ ពីសំណាក់មន្ត្រីដ៏ល្អស្អាតស្អំ ដោយមិនគិតពីរឿងឋានៈ បុណ្យស័ក្តិខ្យល់ ភ្លាមៗបានទាក់ទងទៅកាន់ខុទ្ទកាល័យសម្តេចតេជោ ក្រោមការទទួលកាន់រឿងនេះ ផ្ទាល់ពីលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សហការជាមួយស្នងការនគរបាលខេត្តត្បូងឃ្មុំ-ស្វាយរៀង និងលោកព្រះរាជអាជ្ញារខេត្តត្បូងឃ្មុំ លោក ឡុង ហុកម៉េង បានចុះប្រតិបត្តិការរួមគ្នាទាំងកណ្តាលយប់ ច្បាមក្របួចជាប់នូវជនឆបោកដ៏ជំនាញ តាមទូរស័ព្ទទាំង២នាក់នេះ កាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះ ខន សុម៉ាលី ក្នុងខេត្តត្បូងឃ្មុំ និងបន្តចាប់ភ្លាមៗ ឈ្មោះ សួន មុនី ជាមេក្លោង នៅខេត្តស្វាយរៀង នាកណ្តាលអាធ្រាតឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

បច្ចុប្បន្នជនទាំង២នាក់នេះ ត្រូវបានបានកសាងសំណុំរឿង បញ្ជួនទៅតុលាការ សាលាដំបូងសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក ប៉ាន់ខែម ប៊ុនថន បានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ កុំរវើរវាយស្រមើលស្រមៃ យកលុយទៅសូកប៉ាន់ ដើម្បីឡើងបុណ្យឡើងស័ក្តិ ឡើងដំណែងតួនាទី ដែលជាចំណីយ៉ាងឆ្ងាញ់សម្រាប់ក្រុមជនបោកប្រាស់ ជាពិសេសបានសំណូមពរ និងទទូចត្រូវខិតខំបំពេញការងារ សម្រេចនូវស្នាដៃ រហូតទទួលបានផ្លែផ្កានៃការទុកចិត្តពីថ្នាក់ដឹកនាំ តាមស្ថាប័ននីមួយៗច្បាស់ជាតម្លើងបុណ្យស័ក្តិតួនាទី តាមឋានានុក្រមជាក់ជាមិនខាន។

លោក ប៉ាន់ខែម ប៊ុនថន ផ្តាំផ្ញើដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវជឿជាក់ទុកចិត្តទៅលើការដឹកនាំដ៏ឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃកម្ពុជា ព្រោះថាតាមរយៈការសម្លឹងឃើញនូវផ្លែផ្កា នៃស្នាដៃការងាររបស់បងប្អូនមន្ត្រីរាជការ សម្រេចបាននោះ គឺសម្តេចយកចិត្តទុកដាក់ខ្ពស់ ផ្តល់ឱកាសអ្នកមានសមត្ថភាព មានជាការលើកទឹកចិត្ត ដំឡើងតួនាទី មុខដំណែង ឋាន្តរស័ក្តិ ដោយមិនមែនពីការកើតឡើង ដោយការសូកប៉ាន់ ឬការខលទូរស័ព្ទទាមទារប្រាក់ដូចអ្វី ដែលគេបោកកន្លងមកនោះទេ។

ដោយឡែក កូនស្រីមានអាយុ១៤ឆ្នាំ របស់ជាប់ចោទ ខន សុម៉ាលី រួមទាំងប្អូនប្រុស និងជីដូនជរា បានចូលរួមនាឱកាសនោះ បានឡើងស្នើសុំខុទ្ទកាល័យសម្តេចតេជោ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយសម្រួលទោស និងដោះលែងម្តាយរបស់ខ្លូនវិញផង ក្រោមហេតុផលម្តាយមិនមានជំរើស ព្រោះគ្មានការងារធ្វើ ដោយសារសម័យជំងឺកូវីដ-១៩ ហើយម្តាយកូនខ្ចី មានកូនតូចអាយុ០៨ខែ ដែលមានជំងឺខ្វះគ្រាប់ឈាម ក្នុង១ខែត្រូវបញ្ចូលឈាម៣ទៅ៤ដង ជីដូនជរា នៅជាមួយឪពុកចុងវាយធ្វើបាប ហើយខ្លួនជាស្រី និងប្អូនប្រុសនៅក្មេងមិនមានមុខរបរ ចង់បន្តការសិក្សាដើម្បីអនាគតល្អភ្លឺស្វាងជាងនេះ។

លោក ប៉ាន់ខែម ប៊ុនថន និងលោក បែន រ័ត្ន បានបញ្ជាក់ប្រាប់ថា «យុត្តិធម៌ និងកត្តញ៉ូតាធម៌មិនអាចដើរស្របគ្នាបាននោះទេ ច្បាប់គឺច្បាប់»។ អ្វីទាំងអស់ គឺធ្វើទៅតាមច្បាប់ អ្នកប្រព្រឹត្តខុសត្រូវដាក់ទោស ដោយឡែកលោកនឹងទាក់ទងក្រុមមេធាវីសម្តេចតេជោ ដើម្បីពិនិត្យមើលលើរឿងនេះ ជាការឆ្លើយតបនឹងសំណូមពររបស់ក្មួយស្រី ក៏ដូចជាស្បៀង និងថវិការមួយចំនួនដល់ក្មួយស្រី ដើម្បីសម្រួលជីវភាពចំពោះមុខ៕

http://image.freshnewsasia.com/2020/id-025/fn-2020-07-22-13-47-30-0.JPG