(ព្រៃវែង)៖ ទឹកជំនន់ទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចបែរជាសត្វគោរបស់កសិករ ចាប់ផ្តើមឈឺជាបន្តបន្ទាប់ ហើយពេលឃើញគោឈឺបែបនេះ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ ចុះទៅជួយពិនិត្យព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋ ដើម្បីព្យាបាលសត្វទាំងនោះ ឲ្យជាសះស្បើយ។

លោក សឿន សៅវុទ្ធី មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានថ្លែងថា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅពេលមានទឹកជំនន់ឡើងមកតិចៗ បែរជាសត្វគោកសិករចិញ្ចឹមតាម មាត់ទន្លេ ក៏ចាប់ផ្តើមឈឺបណ្តើរៗ ហើយដើម្បីជួយដល់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា អាជ្ញាធរ មន្ត្រីជំនាញ បានចុះទៅជួយ ពិនិត្យព្យាបាល ដល់សត្វរបស់ពួកគាត់ ពេញមួយថ្ងៃ ដែលមានការចូលរួមពី លោកស្រីសេង ទៀង អភិបាលស្រុកពាមរ៍ផងដែរ។

លោកបន្តថា ការចុះជួយនេះ បានផ្តល់ថ្នាំ លាបដំបៅករណីគោ កើតជំងឺអ៊ុតក្តាម និងចាក់ថ្នាំការពារជំងឺសារទឹកជាដើម ដោយគោកំពុងឈឺ ស្ថិតនៅភូមិបឹងក្អែក ភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង តាមដងទន្លេមេគង្គ ដោយផ្តល់ជូនបានចំនួន៩៣គ្រួសារ ដែលពួកគាត់ចិញ្ចឹមគោ ហើយមានគោឈឺ សរុប៣៨១ក្បាល។

លោកបន្ថែមថា ក្រៅពីផ្តល់ថ្នាំ ចាក់ថ្នាំ សំខាន់បានបង្រៀន ដល់ពួកគាត់ឲ្យចេះថែរក្សា សត្វចិញ្ចឹមទាំងនេះ ព្រោះថា ត្រឹមរយៈពេលមួយថ្ងៃ គោមិនអាចជាសះស្បើយ បានទេ ម្លោះហើយម្ចាស់ត្រូវចេះ ថែទាំ វិធីថែទាំវាទើបគោ ឈឺទាំងនេះ ឆាប់បានជាសះស្បើយ ហើយសូមឲ្យបងប្អូន មេត្តារាយការណ៍បន្ទាន់ តាមរយៈ លោកមេភូមិ មេឃុំ ប្រសិនបើគោវាឈឺ ហើយគ្មានលទ្ធភាពព្យាបាល មន្ត្រីជំនាញ នឹងចុះមកភ្លាមៗទៀត ដើម្បីការពារកុំឲ្យគោឈឺ និងងាប់៕