(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តា អធិការខណ្ឌទាំង១៤ ចំនួន៤២០នាក់ កម្លាំងអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់។

នៅក្នុងឱកាសនេះក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ សរុបកម្លាំងទាំងអស់ចំនួន៦៥២នាក់ ។ ការជួបជុំនេះដើម្បីផ្តល់ជូន អាវពន្លឺចំនួន ១,០០០ អាវ ភ្លើងបំភ្លឺបំពាក់លើស្មាចំនួន៥០០ ដែលជាអំណោយឧបត្ថម្ភរបស់មិត្តចិន និងឈុតសម្លៀកបំពាក់អន្តរាគមន៍ចំនួន ៤៧០ឈុត ដើម្បីចែកជូនក្រុមអន្តរាគមន៍ក្នុងមួយខណ្ឌទទួលបានចំនួន ៣០ឈុតសម្រាប់៣០នាក់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ មានមតិណែនាំល្អៗជាច្រើនដល់កម្លាំងទាំងអស់ដូចជា៖

*ទី១៖ ក្នុងនាមជាកងកម្លាំងត្រូវតែគោរពវិន័យ មានសីលធម៌ មានអាកប្បកិរិយា និងប្រើប្រាស់សំដីសមរម្យជាមួយប្រជាពលរដ្ឋ
*ទី២៖ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដើម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ
*ទី៣៖ តាមបណ្តាខណ្ឌទាំងអស់ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវតែកែសម្រួលទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំរបស់សាលារាជធានីភ្នំពេញ
*ទី៤៖ កងកម្លាំងទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់។

ជាកិច្ចបញ្ចប់ លោកស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង អធិការខណ្ឌទាំង១៤ ត្រូវតែត្រួតពិនិត្យ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍ឲ្យបានល្អ ដោយមានការហ្វឹកហាត់ជាប្រចាំ មានការប្រជុំជួរត្រួតពិនិត្យការស្លៀកពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។

ម្យ៉ាងវិញទៀត ក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រូវតែប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតជាប្រចាំ ដើម្បីធានាការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារថ្នាក់ដឹកនាំ គណ:ប្រតិភូជាតិ និងអន្តរជាតិ៕