(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង២៥២ម៉ែត្រ និងទទឹង ១០ម៉ែត្រ ស្ថិតនៅវិទ្យាល័យច្បារអំពៅ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ផ្លូវបេតុងនេះជាអំណោយរបស់លោកផ្ទាល់ និងលោកស្រី សែម សម្ភស្ស ព្រមទាំងក្រុមគ្រួសារ ហើយពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនេះ មានការអញ្ជើញចូលរួមពីលោកនាយកវិទ្យាល័យច្បារអំពៅ, លោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សចំនួនប្រមាណ ៣០០នាក់។

លោក ហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅ បានលើកឡើងថា លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកស្រី សែម សម្ភស្ស ជាសប្បុរសជនឈានមុខគេគិតមកត្រឹមបច្ចុប្បន្ននេះនៅវិទ្យាល័យច្បារអំពៅ ដែលបានចាប់ដិសណ្ឋិមកជិត៤០ឆ្នាំហើយនេះ ដោយលោកបានចូលរួមជួយឧបត្ថម្ភកសាងជាបន្តបន្ទាប់រួមមាន ស៉ីម៉ងត៍ និងថវិកាជាដើម។

លោកបន្តថា សរុបមកត្រឹមពេលនេះ ជាលើកទី៧ហើយ ជាក់ស្ដែងនាពេលកន្លងមករួមមាន ផ្លូវបេតុងប្រវែង ២៥០០ម៉ែត្រក្រឡា ស្ថិតនៅទីតាំងបាល់ទះជុំវិញកន្លែងគោរពទង់ជាតិនៅក្នុងពិធីនេះតែម្ដង, របងសាលាកំពស់ ៣ម៉ែត្រ ប្រវែង៣៥៧ម៉ែត្រនៅផ្នែកខាងកើតសាលា កញ្ចុះនៅជាប់គល់ស្ពាន និងថ្ងៃនេះគឺជាការបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មី ១ខ្សែទៀត ប្រវែងបណ្ដោយ ២៥២ម៉ែត្រ និងទទឹង១០ម៉ែត្រ។

លោកនាយកបន្តថា អតីតសិស្សវិទ្យាល័យច្បារអំពៅ មានសប្បុរសជនជាច្រើនរូបទៀត តែចំពោះសប្បុរសជន ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់វិទ្យាល័យគឺមានតែលោកនាយឧត្តមសេនីយ៍ និងលោកស្រី ដែលបានលះបង់ទាំងពេលវេលា ថវិកា និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិទ្យាល័យច្បារអំពៅ និងមានទឹកចិត្តល្អបំផុតជាមួយលោកគ្រូ អ្នកគ្រូ។

នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា នៅពេលដែលលោកមកជាន់ក្នុងទីធ្លាសាលាភ្លាម ធ្វើឲ្យអារម្មណ៍របស់លោកគិតនឹកឃើញ នូវរាល់អនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ដែលបានសាងឡើងជាមួយមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ បើគិតមកទល់នឹងបច្ចុប្បន្ន៣៥ឆ្នាំបានកន្លងផុតហើយតែមួយប៉ប្រិចភ្នែក។

លោកបានរំលឹកនូវឈ្មោះលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនតាមមុខវិជ្ជានីមួយៗ មានដូចជា ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមី ជីវវិទ្យា ភូវិទ្យា និងសីលធម៌ជាដើម មិនតែប៉ុណ្ណោះ លោកក៏លើនូវការចូលរួមធ្វើពលកម្មសង្គម ហើយជាពិសេសនោះ គឺការមកយាមសាលានៅពេលយប់ ចំពោះសិស្សបុរសៗ ដោយមានអនុស្សាវរីយ៍ដ៏ល្អៗតាំងពីកុមារភាព ដែលបានចូលមករៀនរហូតដល់ពេញវ័យ អស់រយៈកាល៦ឆ្នាំ ដែលរៀននៅសាលានេះ (វិទ្យាល័យច្បារអំពៅ ដែលពីមុនជាវិទ្យាល័យគូ បា) រហូតចូលមហាវិទ្យាល័យ នៅឆ្នាំ១៩៩១។

ដោយផ្សារភ្ជាប់នូវមនោសញ្ចេតនា ដែលមិនអាចកាត់ថ្លៃបាននេះហើយ ទើបលោកបានឲ្យនាយកសាលា មេត្តាជួយរកលោកគ្រូអ្នកគ្រូទាំងនោះ ដែលធ្លាប់ផ្តល់នូវដំបូន្មាន និងចំណេះវិជ្ជាដល់លោក ទោះបីជាពេលនេះពួកគាត់បានចូលនិវត្តន៍ ឬក៏ទទួលនូវមរណភាពក៏ដោយ ក៏ត្រូវនាំយកថវិកា (ប្រាក់បៀវត្ស) របស់លោក ដើម្បីផ្តល់ជូនពួកគាត់ ឬក្រុមគ្រួសារគាត់ដែលនៅមានជីវិតនៅឡើយ។

លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានប្រកាសលះបង់បៀវត្សប្រចាំខែរបស់ខ្លួន ២៦៤០០០០រៀល សម្រាប់ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ ២២នាក់ ដោយក្នុងម្នាក់ៗទទួល បាន១២ម៉ឺនរៀលជារៀងរាល់ខែ រហូតដល់ជីវិតចុងក្រោយ ដើម្បីជាការតបស្នងសងគុណពួកគាត់ ក្នុងការបង្ហាត់បង្រៀន តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៩១។

មិនតែប៉ុណ្ណោះលោកក៏បានលើកឡើងថា ការចូលរួមចំណែកក្នុងការកសាងសង្គមជាតិ គឺត្រូវការចូលរួមចំណែកពីគ្រប់ស្រទាប់វណ្ណៈ ដែលមិនអាចខ្វះបាន ដើម្បីខ្លាយជាកម្លាំងចលករមួយ រុញច្រានប្រទេសឲ្យរីកចម្រើនគ្រប់វិស័យ និងឆាប់រហ័ស ហើយទង្វើរបស់លោក ក៏ជាសារមួយសម្រាប់ផ្ញើរដល់មិត្តភក្តិទាំងអស់ ឬក៏សិស្សប្អូនដែលជាទំពាំងស្នងប្ញស្សី មើលឃើញនូវសកម្មភាពនេះ សូមមាននូវទឹកវិជ្ជមាន ចូលរួមជួយសាលាជួយសង្គមជាតិទៅតាមអ្វីដែលខ្លួនជួយបាន ដោយកុំគិតនូវភាពច្រណែន ឬក៏គិតអ្វីដែលខុសនូវទង្វើសកម្មភាពនេះ។

លើសពីនេះទៅទៀត មុននឹងបញ្ចប់ លោកក៏បានរំលេចឲ្យឃើញនូវសុខសន្តិភាពពេញផ្ទៃប្រទេសសព្វថ្ងៃ ដែលកើតមានឡើងមកដល់សព្វថ្ងៃនេះ គឺមានតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាននូវគុណូបការៈរបស់ឥស្សរជន គណបក្សប្រជាជនជា ពិសេសសម្តេចតេជោ ហ៊ុន សែន សម្តេច ជា ស៉ីម សម្តេច ហេង សំរិន និងសម្តេចក្រឡាហោមជាដើម ដែលលោកតែងតែគិតគូរជាប្រចាំចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានសំណូមពរលោកគ្រូអ្នកគ្រូ មេត្តាបន្តប្រកាន់នូវពាក្យស្លោក «ផឹកទឹកកុំភ្លេចប្រភពទឹក តួយ៉ាងដូចជារូបខ្ញុំសព្វថ្ងៃពេលនេះ នៅតែនឹកដល់គុណលោកគ្រូ អ្នកគ្រូជាប្រចាំផងដែរ»។ លោកក៏បានចង្អុលណែនាំ នូវការប្រកាន់ខ្ជាប់នូវអនាម័យ ដើម្បីចៀសផុតពីជំងឺកូវីត១៩ផងដែរ និងបានពាំនាំនូវថវិកាជូនលោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗ២ម៉ឺនរៀល៕