(ប៉េកាំង)៖ មហាវិថីជាច្រើនកន្លែងត្រូវបានបិទ និងចរាចរផ្លូវអាកាសត្រូវបានផ្អាក ខណៈអាកាសធាតុត្រជាក់ខ្លាំង មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ បានវាយប្រហារខេត្តមួយចំនួន របស់ប្រទេសចិន នេះបើតាមព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។

ចាប់ផ្តើមពីម៉ោង៨ព្រឹកថ្ងៃសុក្រ មហាវិថីជាច្រើន នៅ១២ខេត្តក្រុង ត្រូវបានបិទដោយសារតែព្យុះព្រិល និងខ្យល់ព្យុះ។ ផ្នែកមួយចំនួនធំនៃខេត្ត Jiangxi ភាគខាងកើតចិន បានរងការវាយប្រហារដោយព្យុះព្រិលនៅថ្ងៃសុក្រ ខណៈអាកាសយានដ្ឋាន នៅទីក្រុង Nanchang ខេត្ត Jiangxi ត្រូវបានបិទនៅព្រឹកថ្ងៃសុក្រ ក្នុងនោះផ្នែកមួយចំនួន នៃមហាវិថីនៅក្នុងខេត្តមួយនេះ ក៏ត្រូវបានបិទផងដែរ។

ខេត្ត Jiangxi មានអាកាសធាតុត្រជាក់បំផុត ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែមករានេះ មិនធ្លាប់មានពីមុនមក ចាប់តាំងពីឆ្នាំ១៩៩២។ សីតុណ្ហភាព នៅក្នុងទីក្រុង Beijing បានធ្លាក់ដល់ -១០អង្សា នៅថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ -១៧អង្សា នៅថ្ងៃសៅរ៍ មិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ៕