(ពោធិ៍សាត់)៖ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បាននិមន្តប្រគល់អង្ករចំនួន ២,៥តោន ដល់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីត្រៀមជួយសង្គ្រោះ ដល់គ្រួសារក្រីក្រដាច់ពេលពិតប្រាកដ និងជនចាស់ជរាគ្មានទីពឹង ជាពិសេសក្នុងកាលៈទេសៈ ដែលសកលលោកកំពុងទទួលរងប៉ះពាល់ដោយជំងឺកូវីដ១៩។

ពិធីប្រគល់ទទួលអង្ករខាងលើនេះ បានធ្វើឡើងនៅលើវេទិកាក្នុងសាលាខេត្ត ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្ត។

ព្រះតេជគុណ ឡាយ កន មានសង្ឃដិកាថា អង្ករចំនួន២,៥តោន ព្រះអង្គបានទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់ ២៥គីឡូក្រាម ដើម្បីងាយស្រួល ក្នុងការយកទៅចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ក្នុងកំលុងកូវីដ-១៩ ព្រះអង្គក៏បានឆ្លើយតប និងប្រគល់ជូនរដ្ឋបាលខេត្តភ្លាមៗតែម្តង។

លោក ម៉ៅ ធនិន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ ឡាយ កន ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលសាលាខេត្ត ក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកន្លងមកព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តបាកាន បានចូលរួមក្នុងវិស័យមនុស្សធម៌ ផ្ដល់ស្បៀង សម្ភារប្រើប្រាស់ និងថវិកាដល់សាខាកាកបាទក្រហម ចែកអំណោយជូនប្រជាពលរដ្ឋទីទល់ក្រ អ្នកជំងឺ កុមារកំព្រា កងទ័ព និងជួយសាងសង់ព្រះវិហារ សាលាឆាន់ កុដិ ដល់វត្តខ្វះខាតនៅឆ្ងាយដាច់ស្រយាលជាដើម៕