(កំពង់ចាម)៖ ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានរួមគ្នាដាំកូនឈើប្រមាណ២,០០០ដើម នៅវត្តគីរីសោភណ្ឌទែតក្នុង ហៅវត្តភ្នំទែតក្នុង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ងួន វិទូ អនុប្រធានក្រុមការងារចុះជួយឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំបុសខ្នុរ និងលោក ខ្លូត ចិន្ដា អភិបាលស្រុកចំការលើ ព្រមទាំងមានការចូលរួមពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋច្រើនរូបផងដែរ។ ពិធីដាំកូនឈើនេះទៀតសោត ក៏ជាគំនិតផ្ដួចផ្ដើមរបស់ ព្រះគ្រូ ពៅ ធារ៉ា ព្រះចៅអធិការវត្តភ្នំទែតក្នុង។

ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ធារ៉ា មានសង្ឃដីកាបានបង្ហាញអំពីការរីកចម្រើន និងសមិទ្ធផលផ្សេងៗដែលមាននៅក្នុងវត្ត ហើយក្នុងនោះក៏មានការចូលរួម យ៉ាងសកម្មពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ។ ទាំងអស់នេះ គឺមិនអាចកាត់ផ្ដាច់ពីគ្នារវាង ពុទ្ធិចក្រ និងអាណាចក្របាននោះឡើយ។

ជាមួយគ្នានេះ លោក ងួន វិទូ ក៏បាននាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ ដល់មន្ដ្រីរាជការ និងប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ផងដែរ។

លោក ងួន វិទូ ក៏បានរំលឹកប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ដោយសាររដូវនេះជារដូវវស្សា ដូច្នេះភ្លៀង ខ្យល់កន្ដ្រាក់អាចកើតមានគ្រប់ពេល ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្ន។ លើសពីនេះ ត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ ដោយត្រូវឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងពាក់ម៉ាសនៅទីកន្លែងចាំបាច់។

បន្ថែមពីនេះ លោក ខ្លូត ចិន្ដា បានលើកឡើងអំពីការរីកចម្រើននានារបស់រដ្ឋបាលស្រុកចំការលើ ក៏ដូចជាសមិទ្ធផលដែលសម្រេចផ្សេងៗ ពិសេសការរីកចម្រើនរបស់កម្រិតជីវភាពប្រជាពលរដ្ឋ និងអរគុណប្រជាពលរដ្ឋដែលរួមគ្នារក្សាសន្ដិភាព។

ក្រោយមកព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ បាននិមន្ដ/ដើរដាំកូនឈើទាំងអស់នៅជុំវិញជើងភ្នំ ក្បែរវត្តគីរីសោភណ្ឌទែតក្នុង ហៅវត្តភ្នំទែតក្នុង ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពសន្និស្នាលផងដែរ៕