(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារសមាគមមូលនិធិវ៉ាយអិលភី បានចុះពិនិត្យតាមបណ្តាកសិដ្ឋានដាំបន្លែ និងចិញ្ចឹមសត្វ ស្ថិតនៅឃុំចំណោម និងឃុំភ្នំធំ ស្រុកមង្គលបូរី។

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក គឹង វណ្ណះ បានថ្លែងទៅកាន់កសិករថា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានផ្តល់ទុនជូនប្រជាកសិករខ្ចីដោយគ្មានការប្រាក់ ផ្តល់លទ្ធភាពឲ្យកសិករបានយកទៅដាំដុះបន្លែ និងចិញ្ចឹមសត្វមានចំណូល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងឱកាសដើរពិនិត្យមើលបន្លែគ្រប់មុខ និងកន្លែងចិញ្ចឹមសត្វនោះ លោក គឹង វណ្ណះ បានធ្វើការអប់រំការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារបន្លែធម្មជាតិទាំងនេះ អាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិឃុំស្រុកថែមទៀត ព្រោះថាបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូប និងម្យ៉ាងទៀត ជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

លោក គឹង វណ្ណះ បានបញ្ជាក់ឲ្យដឹងទៀតថា ការងារដាំដុះនេះអាចជាមុខរបររួមផ្សំមួយនៅពេលទំនេរ ពីការងារបង្កបង្កើនផលស្រូវក្រុមគ្រួសារនីមួយៗ ក្រៅពីការងារបង្កបង្កើនផលស្រូវ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយសង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នាំគ្នាបន្តដាំដុះបន្លែផ្លែឈើកាន់តែផុលផុសនាពេលខាងមុខ។

អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានធ្វើការណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ ក្នុងការដាំដុះបន្លែជាលក្ខណៈ គ្រួសារបន្ថែមទៀត។ លោកផ្តាំថា ប្រសិនបើមានការខ្វះខាតនូវ លក្ខណៈបច្ចេកទេសដាំដុះណាមួយ មន្ត្រីកសិកម្មនឹងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែម អំពីលក្ខណៈដាំដុះតាមបច្ចេកទេសថ្មី ទទួលបានផលច្រើនគ្មានជាតិគីមី។

លោក គឹង វណ្ណះ បានឲ្យដឹងបន្តថា ក្រៅពីផ្តល់ពូជបន្លែលោកតែងតែផ្តល់ប្រឹក្សា អំពីរបៀបដាំដុះរបស់ប្រជាពលរដ្ឋ នូវបច្ចេកទេសថ្មីៗដល់ពួកគាត់កាន់តែមានភាពងាយស្រួល ហើយមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្ត បានងាកមកដាំបន្លែជាលក្ខណៈគ្រួសារ នៅតាមភូមិឃុំ ហើយទទួលបានផលគួរឲ្យកត់សម្គាល់ផងដែរ៕