(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសម្រាប់តួនាទីជាប្រធាន អង្គភាព ប្រធានផ្នែក នាយកទីចាត់ការ អនុប្រធានអង្គភាព អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យទីចាត់ការ សាលាខេត្ត ក្នុងរចនាសម្ព័ន្ធឲ្យរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់ទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរជុំវិញជាច្រើនរូប។

លោក គង់ ណារុំ ប្រធានអង្គភាពច្រកចេញចូលសាលាខេត្ត ទើបចូលកាន់មុខតំណែងថ្មី និងតំណាងឲ្យមន្ត្រីរដ្ឋបាលខេត្តស្ទឹងត្រែង ដែលទើបទទួលបានមុខតំណែង បានធ្វើការប្តេជ្ញាចិត្តអនុវត្ត និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បង្កើន សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានោះដែរលោក ម៉ុម សារឿន បានលើកឡើងថា លោក លោកស្រីដែលបានប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពការងារតាមទីចាត់ការ អង្គភាពផ្នែកនិងការិយាល័យនីមួយៗ ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយតាមទៅនឹងគោលបំណង គោលដៅយុទ្ធសាស្ត្រ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបគិតបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម និងដ៏ពិសិដ្ឋនៃកម្ពុជា។ ជាពិសេស គឺការគោរពប្រតិបត្តិតាមអភិក្រមរបស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ដែលរួមមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់»

ឆ្លៀតក្នុងឱកាសនោះដែរលោក ម៉ុម សារឿន ជំរុញដ៏មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវ បង្កើនកិច្ចសហការល្អរវាងទីចាត់ការ អង្គភាព និងផ្នែកជំនាញនីមួយៗឲ្យបានល្អប្រសើរក្នុង ការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ដោយត្រូវតម្កល់ប្រយោជន៍រួម របស់អង្គភាពជាអាទិភាព៕