(ព្រះវិហារ)៖ ដើមឈើជាច្រើនដើមបានបាក់រលំលើផ្លូវជាតិលេខ៦២ជាច្រើនកន្លែង និងផ្លូវជាច្រើនខ្សែទៀតនៅក្នុងក្រុងព្រះវិហារ បានរងការលិចលង់ដោយសារស្ទះលូ ក្រោយហេតុការណ៍ភ្លៀង មួយមេធំលាយឡំខ្យល់កន្ត្រាក់ នៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនបង្អង់យូរនោះ ដោយបានចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ាលហាលទាំងយប់ ចុះកាត់ដើមឈើដែលរលំលើផ្លូវជាតិលេខ៦២ ចំនួន៤កន្លែង និងដើរប្រមូលសម្រាមដែលបណ្តាលឲ្យលូស្ទះលិចផ្លូវ ជាច្រើនខ្សែរផងដែរ។

ជាមួយគ្នានោះដែរ លោក សំ លាងទ្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ត្រូវចូលរួមសហការសម្អាតអនាម័យ បរិស្ថាន ដោយមិនត្រូវចោលសម្រាមផ្តេសផ្តាស ពិសេសមិនត្រូវយកសម្រាមដាក់មាត់លូ ដែលធ្វើឲ្យលូស្ទះនោះទេ៕