(ក្រចេះ)៖ ប្រជាពលរដ្ឋក្រីក្រចំនួន១៦គ្រួសារ ដែលកំពុងរស់នៅ ក្នុងទីតាំងចំណុចគីឡូម៉ែត្រលេខ១០១ ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានស្នើដល់អាជ្ញាធរឲ្យមានការដោះស្រាយ ទៅលើផ្ទៃដីរបស់ពួកគាត់ ដែលកំពុងទទួលរងការធ្វើទុក្ខបុកម្នេញពីលោក គៀម ប៊ុនណា (ហៅប៊ុន)​ជាមន្ត្រីយោធានៅវរៈការពារ​ព្រំដែន​លេខ​២០៤។

អ្នកស្រី សុក សុផាត តំណាងប្រជាពលរដ្ឋទាំង១៦គ្រួសារ បាននិយាយថា ពួកគាត់មានគ្នាចំនួន១៦គ្រួសារ បានមករស់នៅលើផ្ទៃដីមានទំហំ ២៤០ម៉ែត្រ​x ៣០០ម៉ែត្រ ក្នុងទីតាំងខាងលើ អស់រយៈ​ពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងមានការសង់លំនៅដ្ឋាន រួមទាំងដាំដំណាំបង្កបង្កើនផល​នៅទីនោះទៀតផង។ អ្នកស្រីបានបន្តថា ប៉ុន្តែរយៈ​កាលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ននេះ ពួកគាត់​ត្រូវបាន​រារាំង មិនឲ្យសាងសង់លំនៅដ្ឋានពីសំណាក់លោក គៀម ប៊ុនណា មិនចេះចប់មិនចេះហើយដោយសារលោក គៀម ប៊ុនណា អះអាងថា ជាដីរបស់គាត់ ព្រមទាំងគ្រោង​បណ្តេញ​ពួកប្រជាពលរដ្ឋទាំងនោះ​ចេញពីដីនេះទៀតផង។

ទាក់ទង និងទំនាស់ដីធ្លីនេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាង​លើ ក៏​ធ្លាប់បានស្នើ​ទៅកាន់​អាជ្ញាធរ​សុំ​ឲ្យធ្វើការដោះស្រាយ ប៉ុន្តែហាក់បីដួចមិន​ដែលមានការឆ្លើយតបម្តងណាឡើយ។ មេឃុំ​ឃ្សឹម បានថ្លែងថា គាត់បានជ្រាប​ហើយករណីនេះ ដោយមានទាំង​ពាក្យបណ្តឹង របស់ប្រជាពលរដ្ឋទៀតផង ប៉ុន្តែករណីនេះ​ លោកមិនហានដោះស្រាយ ឬសម្រេចយ៉ាងណាទេ ព្រោះដីទាំងនេះ គឺស្ថិតនៅក្នុងដែន​ជម្រកសត្វព្រៃស្រុក​ស្នួល គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយគាត់បានប្រគល់​កិច្ចការនេះ ទៅប្រធានដែន​ជម្រកជាអ្នកដោះ​ស្រាយវិញ។

ជំវិញវិវាទដីធ្លី រវាងប្រជាពលរដ្ឋទាំង១៦គ្រួសារ ជាមួយលោក គៀម ប៊ុនណា ខាងលើនេះ គេនៅមិនទាន់ទទួលបានប្រភពព័ត៌មានណាមួយពីខាង លោក គៀង ប៊ុនណា មន្រ្តីយោធាវរៈ​២០៤នៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែទទូច​ស្នើឲ្យអាជ្ញាធរដោះស្រាយ វិវាទនេះ ឲ្យបានឆាប់រហ័សព្រោះពួកគាត់ក្រីក្រ ហើយផ្ទៃដីទាំងនេះ យកមកចែកគ្នាបានត្រឹមតែ​៧ទៅ៨ម៉ែត្រ ក្នុងមួយគ្រួសារ​តែប៉ុណ្ណោះ៕