(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងពលតូចលេច៧០ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក សាលីម៉ារ អ៉ីមភើរាល (SHALIMAR IMPERIAL) អនុព័ន្ធយោធាហ្វីលីពីនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោក វរសេនីឯក សាលីម៉ារ អ៉ីមភើរាល នៅកម្ពុជា ហើយសង្ឃឹមថាពិតជាមានកិច្ចសហការល្អជាមួយគ្នា។

លោកមេបញ្ជាការ បានរំលឹកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដែលមានចាប់តាំងពីឆ្នាំ១៩៥៧ ហើយត្រូវផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារប្រទេសកម្ពុជា ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទើបតែក្នុងឆ្នាំ១៩៩២ ប្រទេសទាំងពីរក៏បានចាប់ផ្តើមមានទំនាក់ទំនង ជាមួយគ្នាឡើងវិញ និងបានរៀបចំប្រារព្ធខួបលើកទី៦០ឆ្នាំ នៃថ្ងៃភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន ផងដែរ។

ពាក់ព័ន្ធលើវិស័យការពារជាតិ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានចុះអនុស្សារណៈជាមួយគ្នា ដើម្បីពង្រឹងវិស័យការពារជាតិ។ ដោយឡែកនៅឆ្នាំ២០១៩ កងពលតូចលេខ៧០ ក៏បានរៀបចំប្រតិភូទៅទស្សនកិច្ច នៅប្រទសហ្វីលីពីន ដើម្បីបញ្ជាក់ពីការទំនាក់ទំនងល្អជាមួយគ្នា។ លោកឧត្ដមសេនីយ៍មេបញ្ជាការកងពល សង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។

ជាកិច្ចឆ្លើយតប លោកវរសេនីឯក សាលីម៉ារ អ៉ីមភើរាល បានសម្ដែងការអំណរគុណចំពោះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងពលតូចលេខ៧០ ដែលបានអនុញ្ញាតិឲ្យរូបលោកចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកអនុព័ន្ធយោធា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់បានល្អ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ហើយរូបលោកមានបំណងសិក្សាស្វែងយល់លើបញ្ហានេះ។

លោកវរសេនីឯក សាលីម៉ា អ៉ីមភើរាល ក៏បានកោតសរសើរចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះរ៉ាំរ៉ៃកន្លងមក តាមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយនេះជាផ្នែកមួយដ៏សំខាន់ដែលហ្វីលីពីនត្រូវសិក្សា។ លោកអនុព័ន្ធសង្ឃឹមថា ក្នុងពេលអនាគតដ៏ខ្លី ហ្វីលីពីននឹងទទួលបានសុខសន្តិភាពដូចកម្ពុជាសព្វថ្ងៃដែរ៕