(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាំយកនូវថវិកាមួយចំនួន រួមទាំងគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ដើម្បីឧបត្ថម្ភដល់ប្អូនស្រីឈ្មោះ សុខ គាន មានជំងឺប្រើសបេះដូង ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

សព្វថ្ងៃនេះប្អូនស្រី សុខ គាន ជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់អាយុ៦ឆ្នាំ ហើយរស់នៅជាមួយឪពុក ម្ដាយដែលមានជីវភាពជួបការលំបាក មានទីលំនៅបច្ចុប្បន្ន នៅភូមិទ្វីខាងត្បូង ឃុំអណ្ដូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត។

ក្នុងពិធីប្រគល់អំណោយនេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្អូនស្រី សុខ គាន និងសូមឲ្យប្អូនស្រីឆាប់ជាសះ​ស្បើយពីជំងឺដែល​កំពុង ស្ថិតក្រោមការខិតខំប្រឹងប្រែងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋហើយសម្ដេច ធ្វើកិច្ចការមនុស្សធម៌ដោយមិនរើសអើង និងមិនប្រកាន់និន្នាការ​នយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា ម្តាយបង្កើតរបស់ប្អូនស្រី សុខ គាន ដែលមានជំងឺប្រើសបេះដូង បានមកទទួលយកថវិកាឧបត្ថម គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ដែលជាអំណោយ​របស់សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ៕