(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងសហការីនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង ក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។

លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានបានរៀបរាប់ពីដំណើរដើមទង នៃការចិញ្ចឹមបង្កងថា លោកបានចិញ្ចឹមបង្កងតាំងពីឆ្នាំ២០០៧ បច្ចុប្បន្នមាន១០ស្រះ លើផ្ទៃដី៤.៥ហិកតា ទិន្នផលទទួលបានពី២-៣តោន/ស្រះ ដោយដាក់កូនចិញ្ចឹម៥ម៉ឺនកូន។

ក្រៅភ្ញាស់កូនចិញ្ចឹមបាន៦០ម៉ឺនកូនក្នុងមួយឆ្នាំ សម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន និងលក់ចែកចាយ ឲ្យអ្នកចិញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ជាធម្មតាបង្កងចិញ្ចឹមរយៈពេល ៧-៨ខែ មានទម្ងង់១០ក្បាលក្នុងមួយគីឡូក្រាម ទំហំនេះបង្កងមានតម្លៃ៦-៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

ក្រៅពីផលិតកម្មបង្កង លោក ព្រំ វ៉ាត បានវិនិយោគលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដើម្បីផ្គត់ផ្គង់ទឹកឲ្យកសិករធ្វើស្រែបាន៣ដង ក្នុង១ឆ្នាំ ដោយគិតសេវាបូមទឹក ២៥ម៉ឺនរៀលក្នុងមួយហិកតា។ គិតរួមទាំងចំណូលសេវាកម្មបូមទឹក និងចំណូលពីកសិដ្ឋានបង្កង លោកពូអាចរកចំណូលបានពី៦-៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រី វេង សាខុន បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ព្រំ វ៉ាត ដែលសម្រេចទទួលបានជោគជ័យនៅពេលនេះ គិតទាំងចំណូល ចំណេះដឹងចិញ្ចឹមបង្កងបែបធម្មជាតិ ភ្ញាស់កូនសេវាផ្គត់ផ្គង់ទឹក ទាំងអស់នេះ បង្ហាញថា សេដ្ឋកិច្ចគ្រួសារមាននិរន្តរភាព។

ការចែករំលែកចំណេះដឹង និងបទពិសោធន៍ចិញ្ចឹម ដល់ដៃគូចិញ្ចឹមគឺជាមធ្យោបាយដ៏ល្អប្រសើរ សម្រាប់ធ្វើការពង្រីកអាជីវកម្មចិញ្ចឹមបង្កង ឲ្យមានការរីកដុះដាល ទូទាំងខេត្តតាកែវ និងក្រៅតំបន់ ដើម្បីចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កង ឲ្យទីផ្សារក្នុងស្រុកដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រី វេង សាខុន បានគាំទ្រ និងលើកទឹកចិត្ត ឲ្យពង្រីកផលិតកម្មបន្ថែម ជាពិសេសបរិមាណកូនបង្កង ដើម្បីបំរើឲ្យសេចក្តីត្រូវការរបស់អ្នកចិញ្ចឹម និងសូមជួយចែករំលែកបទពិសោធន៍ល្អៗ ដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម ដើម្បីឲ្យពួកគាត់សម្រេចទទួលបានផល ដូចលោក ព្រំ វ៉ាត ផងដែរ។

ជាមួយគ្នានោះ នាព្រឹកមិញនេះ លោករដ្ឋមន្ដ្រី វេង សាខុន និងសហការី ក៏បានចុះមកពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវផងដែរ។

លោក គង់ វ៉ុង បានជម្រាបជូន លោករដ្ឋមន្រ្តី វេង សាខុន អំពីការងារដាំដុះ (ត្រសក់ ត្រឡាច ម្រះ សណ្តែកគួ) ប្រមូលផល ទីផ្សារចំណូល (២លានរៀល ក្នុង១លើក ដាំក្នុងផ្ទះសំណាញ់ ជាមធ្យមទទួលចំណូលបានជាង២៥០០ដុល្លារ/ឆ្នាំ តែអាស្រ័យលើទំហំផ្ទៃដី) ការងារបណ្តុំបន្ថែសុវត្ថិភាព និងបញ្ហាផ្សេងៗ។

លោក គង់ វ៉ុង បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី វេង សាខុន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់ កម្លាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេស រៀងរហូត ធ្វើឲ្យអាជីវកម្មរបស់លោក រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន។

លោក វេង សាខុន បានសាទរចំពោះជោគជ័យដែលលោក គង់ វ៉ុង ទទួលបាននាពេលនេះ ដោយចាប់ផ្តើម ពីការដាំដុះ ជាលក្ខណគ្រួសារដាំទៅទីវាលប្រឈមបញ្ហា ជាច្រើន ប៉ុន្តែបច្ចុប្បន្ន មានរោងសំណាញ់ ជាកន្លែងប្រមូលផ្តុំបន្លែ យកទៅផ្គត់ផ្គង់ទីផ្សារ រាជធានីភ្នំពេញ មានអាជីវកម្មលក់ធាតុចូលកសិកម្ម -ល-។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ។

ដោយឡែក អាជីវកម្មធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារប្រើ ប្រាស់) ក៏បានរួមចំណែកក្នុងការលើកកម្ពស់ ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម -ល-។ កត្តាទាំងអស់នេះហើយ បានជាផលិតកម្មបន្លែសុវត្ថិភាព កំពុងមានការកើនឡើងជាលំដាប់ ស្រប់ពេលដែលតម្រូវការទីផ្សារកាន់តែខ្ពស់៕