(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រាប់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ផ្អាកនីតិវិធីតុលាការ លើវិវាទដីធ្លីជិត១ហិកតា របស់ប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលមានទីតាំងនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មួយអន្លើសិន ដើម្បីរង់ចាំក្រុមអធិការកិច្ច ធ្វើការស្រាវជ្រាវលើវិវាទនេះ បានចប់សព្វគ្រប់ជាមុនសិន។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ថា ក្រោយបានពិនិត្យពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ឃើញថាមានភាពស្មុគស្មាញលើចំណុចវិវាទ ដែលមិនអាចដោះស្រាយភ្លាមៗ លើការបញ្ជាក់អំពីទឡ្លឹករណ៍ជាក់លាក់ប្រាកដប្រជាជូនភាគីមានវិវាទបានឆាប់ៗឡើយ។

គួរជម្រាបថា ការសម្រេចរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្រោយទទួលបានពាក្យបណ្ដឹងពីឈ្មោះ ជា សារ៉ុម តំណាងប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលប្ដឹងសុំឲ្យមន្ដ្រីជំនាញចុះអធិការកិច្ចលើទីតាំងដីវិវាទ មានទំហំ៩,៩៩២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕