(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់។

វេទិកាសាធារណៈនេះ មានការចូលរួមពី លោក ប៊ូ ម៉ឺន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសាន់គរ, លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ, លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ លោកមេឃុំ មេភូមិ ដែលធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

អភិបាលស្រុកកំពង់ស្វាយ បានថ្លែងនៅក្នុងវេទិកានោះថា ប្រធានបទនាពេលនេះ គឺរឿងត្រពាំងវែង និងរឿងបើកផ្លូវ ដែលបានបិទកន្លងទៅ ដែលជាផ្លូវរទេះចុះទៅត្រពាំងវែងមានទំហំ៥ហិកតា។ ហើយការដោះស្រាយជាច្រើន លើកច្រើនសារដែរ ប៉ុន្តែហាក់ដូចមិនត្រូវគ្នា។

លោក អ៊ុន បុត្ត បានបន្តថា អ្វីដែរលោកចង់បាន គឺជាការសម្រេចចិត្តរបស់បងប្អូន ក្នុងនាមជាអាជ្ញាធរ ជាអ្នកនាំពាក្យ ឬក៏ធ្វើដំណើរ ទៅលោកអភិបាលខេត្ត ដែលជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ជាអ្នកសម្រេចក្នុងការកាត់ដីរដ្ឋអោយបងប្អូន តាមលក្ខណៈសម្បទានសង្គមកិច្ចក្តី ឬក៏តាមនីតិវិធីផ្សេងៗ។

យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋឈ្មោះ ប៊ូ ឡោ និងឈ្មោះ ប្រែង និត បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មានលោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ បានដឹកនាំញុះញង់ ឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន (ការបំផ្លាញរបង) នៅលើដីក្រោយផ្ទះ។

លើសពីនេះថែមទៀត លោកអភិបាលរងស្រុក ក៏បានដឹកនាំជនមួយចំនួនបានទៅលួចត្រី (អំពើលួច) ក្នុងស្រះដែល ឈ្មោះ ប៊ូ ឡោ ជាអ្នកជីក គ្រប់គ្រង និងអាស្រ័យផលកន្លងមកផងដែរ។

បើយោងតាមកំណត់ហេតុ របស់ក្រុមប្រឹក្សាឃុំសាន់គរ និងកំណត់ហេតុរបស់លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ បានសរសេរថា ផ្លូវនេះជាផ្លូវឯកជន មិនមែនជាផ្លូវសាធារណៈទេ ដូច្នេះគាត់ (ពលរដ្ឋទាំងពីររូប) មានសិទ្ធិបិទវិញបាន។

លោកមេឃុំចាស់ ជួ សួន បានស្រាយបំភ្លឺថា ដីត្រពាំងវែង ទទឹង១០០ម៉ែត្រ បណ្តោយជាង៤០០ម៉ែត្រ ដែលជាទីអាស្រ័យផល សត្វពាហនៈកន្លងមក តាមការពិភាក្សា ថ្នាក់ឃុំ បានសម្រេចផ្តល់ដីនេះឲ្យទៅពីរគ្រួសារនេះ ពីព្រោះដីត្រពាំងនេះ ប្រជាពលរដ្ឋធ្វើស្រែរាប់ឆ្នាំមកហើយ ហើយមិនមានស្លាកស្នាមចំណុះត្រពាំងទេ។

លោក គី សាវុធថា បានឆ្លើយតបថា លោកទទួលស្គាល់ថា លោកពិតជាបាន ចុះហត្ថលេខាលើកំណត់ហេតុ លើកទី១នោះមែន ប៉ុន្តែសូមពិនិត្យឲ្យបានច្បាស់ គឺលោកបានដាក់ថា បានឃើញមិនមែនចុះហត្ថលេខា ឯកភាពនោះទេ។

ការបូមស្រះចាប់ត្រី លោកក៏បានធ្វើមែនកាច់របងក៏លោកបានធ្វើដែរ ដោយលោកសំអាងថា ភាគីម្ចាស់ដីត្រពាំងវែងនេះ បានយល់ព្រមប្រគល់ដី មកឲ្យរដ្ឋហើយ បើយល់ព្រមប្រគល់នេះមកឲ្យរដ្ឋហើយ ក្នុងនាមលោកជាអាជ្ញាធររបស់រដ្ឋ លោកមានសិទ្ធិក្នុងការការពារដីរបស់រដ្ឋ។

ជាលទ្ធផល លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានសម្រេចឲ្យមានការបើកផ្លូវ និងដាក់ត្រពាំងជារបស់រដ្ឋ ដោយសំអាងលើមតិជាច្រើន របស់ពលរដ្ឋដែលបានចូលរួម និងអនុញ្ញាតម្ចាស់ដី ដែលមានទំនាស់ទាំងពីរ ដាក់ប្តឹងបន្តទៅកាន់គណៈកម្មវិវាទដីធ្លីខេត្ត៕