(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ រួមជាមួយនឹងមន្ត្រីនៃក្រសួងធនធានទឹក ចុះពិនត្យទំនប់តំបន់មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មេឃុំសំរោង លោក សាំង ឆន បានប្រាប់ឲ្យដឹងថា ទំនប់នេះមានប្រវែងជាង ៣ ពាន់ម៉ែត្រ អាចនិយាយបានថា ជាតំបន់ប្រវត្តិសាស្រ្ត ព្រោះថានៅតំបន់នេះ ក្នុងសម័យខ្មែរក្រហមកាន់កាប់ បានប្រើប្រជាពលរដ្ឋលើកទំនប់នេះ ហើយក៏មានការកាប់សម្លាប់ប្រជាពលរដ្ឋអស់ជាច្រើននាក់ផងដែរ ក្នុងការងារលើកទំនប់។

ប៉ុន្តែក្រោយមក ទំនប់នោះបានខូចខាតទៅវិញ លុះរហូតដល់អណត្តិ លោក អ៊ុន ចាន់ដា មកធ្វើអភិបាលខេត្តកំពង់ចាម ទើបតំបន់ទំនប់បានប្រែក្លាយ ទៅជាតំបន់ដែលផ្ដល់ផលប្រយោជន៍ យ៉ាងសន្ធឹកសន្ធាប់ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ក្នុងការទទួលបានទឹក សម្រាប់ស្រោចស្រពដំណាំរបស់ពួកគាត់។

លោក សាំង ឆន មេឃុំសំរោង តំណាងឲ្យប្រជាពលរដ្ឋ លោកបានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល តែងតែបានយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត លោកមេឃុំក៏សូមសំដែងនូវការរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារក្រសួងធនធានទឹក ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងកសាងទំនប់តំបន់នេះ រួចរាល់ជាស្ថាពរយ៉ាងឆាប់រហ័ស ធ្វើឲ្យមានសោភណ្ឌភាព និងពោរពេញទៅដោយផលប្រយោជន៍សម្រាប់ប្រជាកសិករទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា តាមការស្ទង់មតិរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះបានថ្លែងឲ្យដឹងថា ទំនប់តំបន់នេះ អាចនឹងក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ ដោយហេតុថា នៅតំបន់នេះពេលមានទឹកជំនន់ពិតជាមានសុភាពស្រស់ស្អាតណាស់នៅអមសងខាងផ្លូវ។ កន្លងមកក៏មានប្រជាពលរដ្ឋ ជាច្រើននៅក្នុងតំបន់នេះ មកទស្សនាគយគន់ លំហែរកាយ ស្ទូចត្រីលេង ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេក្នុងរដូវទឹកជំនន់ ដែលកាលនោះមិនទាន់មានផ្លូវស្អាតដូចបច្ចុប្បន្នទេ។

ពេលបច្ចុប្បន្ននេះដោយសារតែទំនប់នេះបានសាងសង់រួចរាល់ជាស្ថាពរ ហើយផ្លូវនៅក្នុងតំបន់នេះ បានកសាងស្អាតងាយស្រួលនៅក្នុងការធ្វើដំណើរផងនោះ អ្នកក្នុងតំបន់រំពឹងទុកថា ទៅថ្ងៃមុខនឹងមានភ្ញៀវទេសចរ នៅទីជិតនិងទីឆ្ងាយ ទៅកម្សាន្តនៅទីនេះបានច្រើនមិនខានឡើយ៕