(ភ្នំពេញ)៖ ដើម្បីជាលើកទឹកចិត្ដ និងថ្លែងអំណរគុណក្នុងការខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺកូវីដ-១៩, ក្រុមគ្រូពេទ្យជួរមុខរបស់កម្ពុជាចំនួន១៥រូប ដែលជាមើលថែអ្នកជំងឺកូវីដ-១៩ ត្រូវបានម្ចាស់ហាង Ocean Prime Steak អញ្ជើញពិសារបាយជុំគ្នា ដែលសុទ្ធសឹងតែម្ហូបល្បីៗប្រចាំហាង។

ក្រុមគ្រូពេទ្យជួរមុខកម្ពុជាទាំង១៥រូប ខាងលើនេះ ដោយមានការដឹកនាំពីលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលរៀបចំធ្វើឡើង ក្នុងហាង Ocean Prime Steak ស្ថិតនៅផ្ទះលេខ៧៤ ផ្លូវ៥៩២ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

បើតាមលោក Herve Beal ម្ចាស់ហាង Ocean Prime និង New York Steakhouse បានឲ្យដឹងថា លោកចង់ផ្តល់ឲ្យនូវអ្វីដែលល្អបំផុត ជូនទៅក្រុមគ្រូពេទ្យយើង បន្ទាប់ពីមួយរយៈដ៏លំបាកទាំងនេះ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យ ដែលបានព្យាបាលអ្នកជំងឺ Covid-19។

លោក Herve Beal បានបន្ដទៀតថា លោកអាចធ្វើបាន គឺទីកន្លែងដ៏ស្អាត ភាពល្អស្អាត នៃម្ហូប និងរសជាតិដ៏ឆ្ងាញ់ ព្រមទំាងសេវាកម្ម ក្នុងហាង Ocean Prime Steak ដែលធ្វើដោយចេញពីចិត្ត ជូនទៅក្រុមគ្រូពេទ្យជួរមុខកម្ពុជាទាំង១៥រូប ដែលជាមើលថែអ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ម្ចាស់ហាង Ocean Prime និង New York Steakhouse រូបនេះ សូមថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរ ដល់ក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យទាំងអស់ ដែលយកចិត្តទុកដាក់ ចំពោះអ្នកជំងឺកូវីដ-១៩។

លោក Herve Beal ក៏សូមថ្លែងអំណរគុណ ដល់បុគ្គលិកពេទ្យ ក្នុងការជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ Covid-19 នៅក្នុងមន្ទីរពេទ្យ ដោយមិននឿយហត់ ក្នុងប្រទេសកម្ពុជាផងដែរ៕