(ព្រៃវែង)៖ ខេត្តព្រៃវែង នៅតែរក្សាបានជាខេត្តដែលជាប់លេខ១ ខាងផលិតស្រូវច្រើនជាងគេទូទាំងប្រទេស ខណៈមានប្រជាពលរដ្ឋ ប្រមាណ៧៨,៦% ជាគ្រួសារកសិករ ហើយប្រជាកសិករនៅខេត្តនេះ បានបង្កើនផលរដូវវស្សាឆ្នាំ២០២០ សម្រេចបានជាង៨០ភាគរយ ស្មើនឹងផ្ទៃដីប្រមាណជាង ២០ម៉ឺនហិកតា។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ស្ថានភាពបង្កបង្កើនផលស្រូវវស្សារបស់ប្រជាពលរដ្ឋនៅខេត្តព្រៃវែងសម្រេចបានគិតត្រឹម ថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២០ ល្បឿនភ្ជួររាស់ ២០០,១៦២ហិកតា, ព្រោះស្រូវសរុប ២០០,១៦២ហិកតា ក្នុងនោះស្រូវស្រាល ៥៧.,៤៣១ហិកតា ស្រូវកណ្ដាល ១១១,០៨១ហិកតា ស្រូវធ្ងន់៣១,៦៤៧ ហិកតា គិតជាភាគរយ៨០.០៦%។

លោកបានបន្តថា ស្ថានភាពប៉ះពាល់ស្រូវរដូវវស្សាផ្ទៃដីប៉ះពាល់ ១៨,៤៧៥ ហិតា ស្មើនឹង ៩.៦៦% ក្នុងនោះ ប៉ះពាល់ដោយសត្វល្អិត ១៥០ហិតា សង្រ្គោះបាន ១៥០ហិកតា និងប៉ះពាល់ដោយគ្រោះរាំងស្ងួត ១៨,៣២៥ហិកតា (ប៉ះពាល់មាន៧ ស្រុកប៉ែកខាងត្បូង) សង្រ្គោះដោយអន្តរាគមន៍ និងទឹកភ្លៀងបាន ១៧,២១៧ហិកតា។

កត្តាដែលបណ្តាលឱ្យខេត្តព្រៃវែងទទួលបានទិន្នផលច្រើនបែបនេះ ទាក់ទងទៅនឹងទីតាំងភូមិសាស្ត្រល្អ និងអាកាសធាតុអំណោយផល ដែលបានធ្វើឱ្យកសិករ អាចធ្វើការដាំដុះស្រូវបានគ្រប់រដូវកាល ហើយក៏ជាខេត្តដែលទទួលបានទិន្នផលស្រូវខ្ពស់ ជាងគេនៅក្នុងប្រទេស គិតមកដល់ពេលបច្ចុប្បន្ន ក្នុងឆ្នាំ២០២០នេះ ខណៈដែលកាលពីពេលកន្លងទៅ មានតែខេត្តបាត់ដំបងប៉ុណ្ណោះ។

សូមបញ្ជាក់ថា រាជដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងជាពិសេសដើម្បីប្រែក្លាយវិស័យនេះពីកសិកម្មបែបយថាផល ឈានទៅធ្វើកសិកម្មតាមប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈកសិ-ពាណិជ្ជកម្ម៕