(កណ្តាល)៖ បន្ទាប់ពីត្រូវបានប្រកាសតែងតាំង និងប្រគល់តួនាទីជាអនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនសម្រាប់អាណត្តិថ្មី លោកទេសរដ្ឋមន្ត្រី គន់ គីម បានបើកកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទូទាំង២៥រាជធានី-ខេត្ត។

កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយទិសដៅ និងផែនការងារ ដែលសមាគមបានដាក់ចេញសម្រាប់អាណត្តិថ្មី ព្រមទាំងណែនាំនូវអនុសាសន៍ណែនាំមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមដែលជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ បានថ្លែងអំណរគុណដល់តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីសមាគមទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយរាល់បញ្ហា និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងអាណត្តិកន្លងទៅ។

លោក គន់ គីម ក៏បាននាំយកនូវប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះថ្នាក់ដាកនាំ មន្ត្រី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារបម្រើសមាជិក សមាជិកអតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សមិទ្ធិផលការងារដែលសមាគម ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋានប្រឹងប្រែងរួមគ្នាសម្រេចបាននៅក្នុងអាណត្តិចាស់កន្លងទៅនេះ ទទួលបានការពេញចិត្តពេញថ្លើម និងសរសើរខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម»

ទន្ទឹមនឹងបង្ហាញនូវការលើកសរសើររបស់សម្តេចតេជោ ហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកយកនូវប្រសាសន៍ក្រើនរំលឹកដាស់តឿនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់មន្ត្រីសមាគម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធឱ្យខិតខំរួមគ្នាដោះស្រាយរាល់បញ្ហារបស់សមាជិកអតីតយុទ្ធជនឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងអាណត្តិថ្មី។

«ទន្ទឹមនឹងការលើកសរសើរសម្តេចប្រធាន លោកក៏បានក្រើនរំលឹមឱ្យពួកយើងប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបានសមិទ្ធផលបានកាន់តែប្រសើរថែមទៀតជូនដល់បងប្អូនអតីតយុទ្ធជន។ ដូច្នេះសម្រាប់អាណត្តិថ្មីយើងក៏ត្រូវតែបន្តប្រឹងប្រែងរួមគ្នាបំពេញការងារនេះឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចតាមបំណងរបស់សម្តេចប្រធាន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

លោកអគ្គលេខាធិការសមាគមអតីយុទ្ធជន បានលើកឡើងថា ការងារអាទិភាពរបស់សមាគមនៅក្នុងអាណត្តិថ្មីនេះ គឺការប្រឹងប្រែងធ្វើបច្ចុប្បន្នភាពសមាជិកសមាគម ដោយកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បីអតីតយុទ្ធជនទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដែលជាគោលនយោបាយផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យស្វែងរក និងកំណត់អត្តសញ្ញាណអតីតយុទ្ធជន ដែលជួបការលំបាកខ្លាំងគ្មានផ្ទះសម្បែង ដើម្បីរៀបចំធ្វើផ្ទះសម្បែងជូនពួកគាត់ ក៏ដូចជាផ្តល់ដីធ្លីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក គន់ គីម ក៏បានណែនាំដល់មន្ត្រីសមាគមនៅទូទាំងខេត្ត ឱ្យប្រឹងប្រែងរួមគ្នាផ្សព្វផ្សាយ និងទប់ស្កាត់កុំឱ្យមានការរំលោភយកដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលផ្តល់ជូនសមាគម ដើម្បីទុកបែងចែកជូនដល់អតីតយុទ្ធជនកម្ពុជា។

ក្រៅពីបញ្ហាអាទិភាពខាងលើនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់មន្ត្រីជាថ្នាក់ដឹកនាំសមាគមទាំងនៅថ្នាក់កណ្តាល និងនៅតាមបណ្តាខេត្ត ត្រូវប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់អតីតយុទ្ធជន។ ជាពិសេសត្រូវចេះធ្វើចលនាជួយគ្នានៅពេលមានសមាជិកគ្រួសារអតីតយុទ្ធមានទុក្ខធុរៈឈឺថ្កាត់ និងទទួលមរណភាពជាដើម។

ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញក្តីរំពឹងមុតមាំថា ថ្នាក់ដឹកនាំសមាគមទាំងអស់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងប្រឹងប្រែងអស់កម្លាំងកាយចិត្តនៅក្នុងអាណត្តិថ្មីនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ៕