(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ប្រគេន-ជូនដំណឹង ព្រះមេគណ ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានី-ខេត្ត ផ្សព្វផ្សាយដល់គ្រប់វត្តអារាមឲ្យបញ្ឈប់ ការប្រើប្រាស់រថយន្ដ ដែលបំពាក់ផ្លាកលេខវត្តមិនត្រឹមត្រូវ ផ្ទុយពីអ្វីដែលច្បាប់បានកំណត់។

សេចក្ដីជូនដំណឹងរបស់លោករដ្ឋមន្ដ្រីក្រសួងធម្មការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយកន្លងមកសង្កេតឃើញថា មានករណីប្រើប្រាស់ ផ្លាកលេខរថយន្ដដាក់ឈ្មោះវត្ត នៅលើរថយន្ដ ផ្ទុយពីស្មារតីនៃអនុក្រឹត្យ ស្ដីពីការបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ។

គួរជម្រាបថា ពាក់ព័ន្ធការប្រើប្រាស់ផ្លាកលេខដាក់ឈ្មោះវត្តនៅលើរថយន្ដនេះ កន្លងមកសមត្ថកិច្ចក៏បានឃាត់រថយន្ដនោះ ហើយដកហូតផ្លាកលេខកែច្នៃដែលបំពាក់ចេញផងដែរ។ រថយន្ដទាំងអស់នោះ ត្រូវបានគេដឹងថា ភាគច្រើនជារថយន្ដអត់ពន្ធ ដែលពុទ្ធបរិស័ទទិញប្រគេនព្រះសង្ឃ ដើម្បីងាយស្រួលក្នុងការនិមន្ដទៅណាមកណា៕