(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើយុទ្ធនាការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការជំងឺឆ្លងកូវីដ-១៩ តាមអគាររដ្ឋបាលខណ្ឌ សង្កាត់ អគាររដ្ឋបាលមន្ទីរបក្សខណ្ឌ សង្កាត់ ផ្ទះជួល បន្ទប់ជួល ប្រមាណជាង២០០បន្ទប់ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងភូមិមួយចំនួន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ ធ្វើឡើងដោយមានការឯកភាពជាគោលការណ៍ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណចលនាសហជីពរាជធានីភ្នំពេញ ទើបនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងជាសមាជិកគណៈចលនា សហជីពរាជធានីភ្នំពេញ, លេខាធិការដ្ឋានគណៈចលនាសហជីពរាជធានីភ្នំពេញ និងលោក តិមា សោភា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងមន្ដ្រីពាក់ព័ន្ធចុះយុទ្ធនាការតែម្ដង។

ឆ្លៀតក្នុងឱកាសនោះ លោក តិមា សោភា ក្នុងនាមអាជ្ញាធរខណ្ឌ បានសំណូមពរដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីបន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានអនាម័យ តាមណែនាំរបស់ក្រសួងសុខាភិបាល។

លោក សោម អូន បានឲ្យដឹងថា ជំងឺកូវីដ-១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិ នៅលើពិភពលោក និងពុំទាន់មានវ៉ាក់សាំង ការពារនៅឡើយ។

ស្របពេលជាមួយនេះ ក្រុមជំនាញ NACC Team Against Covide-19 បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយអប់រំ ដល់កម្មករ និយោជិត និងប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយ ទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ-១៩ ដោយបានសហការជាមួយអាជ្ញាធរ ខណ្ឌ សង្កាត់ ហើយនឹងបន្តឲ្យបានកាន់តែសកម្មថែមទៀត៕