(ភ្នំពេញ)៖ ទ្រូម៉ាន់នី ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយអគ្គិសនីកម្ពុជា (EDC) និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រថ្លៃភ្លើង និងសំរាម សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានកាន់តែងាយស្រួល តាមរយៈទ្រូម៉ាន់នី។

ទ្រូម៉ាន់នី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំជាងគេបង្អស់មួយក្នុងប្រទេសថៃ គឺ Charoen Pokphand Group (CP) បានចាប់បើកដំណើរការសេវាទូទាត់វិក្កយបត្រជាមួយ អគ្គិសនីកម្ពុជា និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែកក្កដាតទៅ តាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet ឬភ្នាក់ងារទ្រូម៉ាន់នី ដែលមានទូទាំងកម្ពុជា។

អតិថិជនរបស់ ទ្រូម៉ាន់នី នឹងអាចបង់ថ្លៃសេវាអគ្គិសនី និងសេវាប្រមូលសំរាមសំណង់រឹង ជាមួយភ្នាក់ងារ ទ្រូម៉ាន់នី ទាំងអស់ ឫតាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet បានផងដែរ ដែលមានភាពងាយស្រួលចំណេញពេលវេលាបានយ៉ាងច្រើន។

ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការសេវាកម្មថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិនពិសេស គឺការបង់ វិក្កយបត្រភ្លើងនិងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល៣ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០។

លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន TrueMoney Cambodia បានថ្លែងថា៖ «សម្រាប់ពលរដ្ឋកម្ពុជា ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែជាចំណែកដ៏សំខាន់មួយនៅក្នុងជីវិតរស់នៅប្រចាំរបស់ពួកគាត់។ ហើយនៅពេលនេះ ក្រុមហ៊ុន នឹងរួមចំណែកកាន់តែសំខាន់នៅក្នុងជីវិតរបស់ពួកគាត់ ដោយសារតែយើង ផ្ដល់ជូនពួកគាត់នូវសេវាកម្ម ទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះ»

លោកស្រី ដារា បានបន្ថែមថា បើគិតចាប់ពីឆ្នាំ២០១៦មក ក្រុមហ៊ុនចាប់បើកដំណើរការដំបូងនៅកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ច្រើនជាងគេបង្អស់នៅកម្ពុជា ដែលមានភ្នាក់ងាររហូតដល់ទៅជាង១ម៉ឺនទីតាំង សម្រាប់ផ្ដល់សេវាជូនអតិថិជន។ លើសពីនោះ មិនខុសពីសេវាកម្ម និងផលិតផលថ្មីៗ ដែលបានផ្ដល់ជូនទៅកាន់ទីផ្សារ នាពេលកន្លងមកប៉ុន្មានទេ សេវាទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះ នឹងជួយឲ្យទ្រូម៉ាន់នី អាចផ្ដល់ជូន អតិថិជនចាស់និងអតិថិជនថ្មី នូវសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុលំដាប់ពិភពលោក ដ៏ទំនើបនិងមានសុវត្ថិភាពខ្ពស់។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០លាននាក់នៅកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ទ្រូម៉ាន់នី ក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

ក្រៅពីសេវាទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះទៅ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏គ្រោងបើកដំណើរការ សេវាកម្មថ្មីៗ ជាច្រើនទៀត ជូនអតិថិជនបានប្រើប្រាស់ផងដែរ នាពេល ឆាប់ៗខាងមុខនេះ៕